នៅថ្ងៃពុធនេះ ក្រុមអ្នកឡើងភ្នំបរទេស នឹងចុះបេសកកម្មជួយសង្រ្គោះជើងឯកកីឡាអូឡាំពិក Biathlon កីឡាការិនី Laura Dahlmeier រយៈពេលប៉ុន្មានថ្ងៃ ក្រោយអត្តពលិកជនជាតិអាល្លឺម៉ង់រូបនេះ បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារដុំថ្មធ្លាក់ត្រូវនៅលើភ្នំប្រទេសប៉ាគីស្ថាន ។
យោងតាមសេចក្តីថ្លែងការណ៍ពីក្រុមរបស់នាង នៅលើបណ្តាញព័ត៌មានសង្គមផ្លូវការរបស់នាង បានឲ្យដឹងថា ឧបទ្ទេវហេតុនេះ បានកើតឡើងនៅវេលាថ្ងៃត្រង់ កាលពីថ្ងៃចន្ទ ក្នុងរយៈកម្ពស់ ៥.៧០០ម៉ែត្រនៅលើកំពូលភ្នំ Laila ស្ថិតក្នុងជួរភ្នំ Karakoram ។ ដៃគូឡើងភ្នំរបស់នាង អាចជូនដំណឹងអាសន្ន ក្រោយទៅដល់ទីសុវត្ថិភាព ។

លោក Areeb Ahmed Mukhtar គឺជាមន្រ្តីក្នុងស្រុកជាន់ខ្ពស់មួយរូប នៅស្រុក Ghanche ជាទីដែលភ្នំកម្ពស់ជាង ៦ពាន់ម៉ែត្រស្ថិតនៅ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា គេបានកំណត់ថា ប្រតិបត្តិការជួយសង្រ្គោះដោយឧទ្ធម្ភាគចក្រ មិនអាចទៅរួចនោះទេ ។
លោកបន្តថា ស្ថានភាពក្នុងរយៈកម្ពស់បែបនេះ ជាទីដែលនាងរងរបួស ពិតជាការងារលំបាកខ្លាំងណាស់ ហើយក្រុមអ្នកឡើងភ្នំបរទេស នឹងចុះប្រតិបត្តិការជួយសង្រ្គោះតាមជើងគោករបស់ពួកគេ នៅថ្ងៃពុធនេះ ។
ក្រុមទេសចរណ៍ Shipton Trek & Tours Pakistan ដែលបានរៀបចំដំណើរផ្សងព្រេងនេះ បានបញ្ជាក់ថា ក្រុមជួយសង្រ្គោះនេះ មានគ្នា ៤នាក់ រួមទាំងអ្នកឡើងភ្នំជនជាតិអាមេរិក ៣នាក់ និងអ្នកឡើងភ្នំជនជាតិអាល្លឺម៉ង់ម្នាក់ ។
ក្រុមរបស់នាងនិយាយកាលពីថ្ងៃអង្គារថា កីឡាការិនីវ័យ ៣១ឆ្នាំម្នាក់នេះ ត្រូវដុំថ្មធ្លាក់សង្កត់លើ ហើយគ្មាននរណាម្នាក់អាចទៅដល់នាងបានឡើយ ដោយសារតែគ្រោះថ្នាក់នៃការធ្លាក់ដុំថ្មបន្ថែមទៀត ហើយនិងទីតាំងនៅដាច់ស្រយាល ៕
