
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ឯកឧត្ដម ប្រាក់ សុខុន បានឱ្យដឹងថា ជប៉ុនកំពុងស្ថិតក្នុងការពិចារណាផ្ដល់ជំនួយបន្ថែមទៀតដល់កម្ពុជាសម្រាប់វិស័យ ៣សំខាន់ៗនាពេលខាងមុខនេះ។
ប្រមុខការទូតកម្ពុជារូបនេះ បានអះអាងបែបនេះនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញនៅថ្ងៃនេះ មួយថ្ងៃក្រោយពីជំនួបពិភាក្សាតាមទូរស័ព្ទរវាងឯកឧត្ដម ប្រាក់ សុខុន និងសមភាគីគឺរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា កាលពីថ្ងៃម្សិលមិញនេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ប្រមុខការទូតជប៉ុនលោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា បានបញ្ជាក់មកកាន់ប្រមុខការទូតកម្ពុជាថា ជប៉ុនកំពុងពិចារណាបន្តផ្ដល់ជំនួយបន្ថែមទៀតដល់កម្ពុជាជួយដល់សកម្មភាពបោសសម្អាតមីន ការផ្គត់ផ្គង់ទឹកស្អាត និងថាមពលអគ្គិសនី។
ការប្ដេជ្ញាចិត្តរបស់ជប៉ុនបន្តជួយដល់កម្ពុជាបែបនេះ បានកើតឡើងចំពេលខួប ៣០ឆ្នាំនៃបេសកកម្មជាលើកដំបូងរបស់កងកម្លាំងស្វ័យការពារជប៉ុននៅកម្ពុជា នៅក្នុងក្រោមប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ។
កាលពី ៣០ឆ្នាំមុន ជប៉ុនបានបញ្ជូនកងកម្លាំងស្វ័យការពាររបស់ខ្លួនចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជា និងដំណើរការបោះឆ្នោតលើកដំបូងរបស់កម្ពុជាផងដែរ៕