របបយោធាមីយ៉ាន់ម៉ា នៅថ្ងៃពុធ (ទី៣០ ខែកក្កដា) នេះ បាននិយាយថា ខ្លួនបានអនុម័តច្បាប់ថ្មីមួយដែលកំណត់ការកាត់ទោសដាក់ពន្ធនាគារ ចំពោះអ្នករិះគន់ ឬអ្នកតវ៉ាការបោះឆ្នោត ដែលត្រូវបានគ្រោងទុករបស់ខ្លួន និងដែលត្រូវបានធ្វើពហិការដោយក្រុមប្រឆាំង។
របបយោធាបានដណ្តើមអំណាចតាមរយៈរដ្ឋប្រហារឆ្នាំ២០២១ ដែលបង្កឲ្យមានសង្រ្គាមស៊ីវិលច្រើនភាគី ហើយបានប្រកាសការបោះឆ្នោតនៅចុងឆ្នាំ២០២៥ ដោយចាត់ទុកថា ជាផ្លូវឆ្ពោះទៅកាន់សន្តិភាព។

ក្រុមប្រឆាំង ដោយក្នុងនោះរួមមានទាំងសមាជិកសភាក្រុមប្រជាធិបតេយ្យដែលត្រូវបានទម្លាក់ចេញពីអំណាចដោយយោធា និងអ្នកឃ្លាំមើលអន្តរជាតិផងដែរ បានចាត់ទុកការបោះឆ្នោតនេះថា ជាផែនការ ដើម្បីធ្វើឲ្យការគ្រប់គ្រងរបស់របបយោធាស្របច្បាប់។
សារព័ត៌មានរដ្ឋ The Global New Light of Myanmar បានរាយការណ៍នេះថា «ច្បាប់ ស្តីពីការការពារការបោះឆ្នោតប្រជាធិបតេយ្យពហុបក្សកុំឲ្យមានការរារាំង ការរំខាន និងការបំផ្លិចបំផ្លាញ» ត្រូវបានអនុម័តកាលពីថ្ងៃទី២៩ ខែកក្កដា។
ឯកសារច្បាប់ដែលមាន ១៤ទំព័រ ហាមប្រាម «រាល់ការនិយាយ រៀបចំ ញុះញង់ តវ៉ា ឬការចែកចាយខិត្តប័ណ្ណ ក្នុងគោលបំណងបំផ្លាញផ្នែកណាមួយនៃដំណើរការបោះឆ្នោត»។ បុគ្គលទាំងឡាយណាដែលត្រូវបានកាត់ទោស ប្រឈមនឹងការជាប់ពន្ធនាគារពី ៣ ទៅ ៧ឆ្នាំ ខណៈដែលបទល្មើសដែលបានប្រព្រឹត្តជាក្រុម អាចបណ្តាលឲ្យមានការផ្តន្ទាទោសពី ៥ ទៅ ១០ឆ្នាំ។
ច្បាប់នេះក៏ហាមឃាត់ផងដែរមិនឲ្យមានការបំផ្លាញសន្លឹកឆ្នោត និងការិយាល័យបោះឆ្នោត ក៏ដូចជាការបំភិតបំភ័យ ឬធ្វើឲ្យប៉ះពាល់ដល់អ្នកបោះឆ្នោត បេក្ខជន និងបុគ្គលិកបោះឆ្នោត ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារយូរបំផុត ២០ឆ្នាំ។ ច្បាប់នេះចែងទៀតថា ប្រសិនបើនរណាម្នាក់ត្រូវបានធ្វើឲ្យបាត់បង់ជីវិត ក្នុងអំឡុងពេលមានការប៉ុនប៉ងរំខានដល់ការបោះឆ្នោត «អ្នកគ្រប់គ្នាដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនោះ ត្រូវប្រឈមនឹងទោសប្រហារជីវិត»៕
