ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់ភ្លើងឆេះព្រៃទ្រង់ទ្រាយធំដែលកំពុងរីករាលដាលនៅតំបន់ភាគខាងជើងព័រទុយហ្គាល់ កាលពីយប់កន្លងទៅ និងបន្តឆាបឆេះរហូតមកដល់ថ្ងៃពុធនេះ ស្របពេលកើតមានរលកកម្តៅ ។
ភ្លើងឆេះព្រៃទ្រង់ទ្រាយធំបំផុត បានឆាបឆេះតំបន់ភ្នំ Arouca ដែលមានចម្ងាយប្រហែល ៣០០គ.មភាគជើងទីក្រុង Lisbon ចាប់តាំងពីថ្ងៃចន្ទរហូតមក នាំឲ្យមានការបិទតំបន់ទេសចរណ៍ Passadicos do Paiva ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ៨០០នាក់ និងយន្តហោះទម្លាក់ទឹក ៧គ្រឿង បានព្យាយាមពន្លត់ភ្លើងឆេះព្រៃ ។
ភ្លើងឆេះព្រៃបានឆាបឆេះផងដែរនៅឧទ្យានជាតិ Peneda-Geres ស្ថិតនៅជាប់ព្រំដែនអេស្ប៉ាញ ចាប់តាំងពីថ្ងៃសៅរ៍រហូតមក ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ អាចគ្រប់គ្រងភ្លើងឆេះព្រៃ ២កន្លែងដែលបានចាប់ផ្តើមឆាបឆេះកាលពីថ្ងៃចន្ទ នៅតំបន់ភាគកណ្តាល Penamacor និង Nisa ។ ក្រុមអាជ្ញាធរ និយាយថា ភ្លើងឆេះព្រៃនៅតំបន់ Penamacor បានបំផ្លិចបំផ្លាញព្រៃឈើ ៣ពាន់ហិចតា ។
រដូវក្តៅស្ងួត និងក្តៅខ្លាំង បានក្លាយជារឿងធម្មតាទៅហើយនៅទូទាំងតំបន់អឺរ៉ុប ប៉ុន្តែរលកកម្តៅកាន់តែក្តៅខ្លាំងជាងមុន បានរួមចំណែកដ៏សំខាន់ក្នុងភ្លើងឆេះព្រៃបំផ្លិចបំផ្លាញ នារយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ស្របពេលដែលសីតុណ្ហភាពកើនឡើងឆាប់រហ័សនៅជុំវិញពិភពលោក ។ ព័រទុយហ្គាល់ និងអេស្ប៉ាញ បានរកឃើញអាកាសធាតុក្តៅខ្លាំងបំផុតជាប់កំណត់ត្រាកាលពីខែមិថុនា ៕