មន្រ្តីជំនួយ ៣រូប និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃពុធនេះថា អង្គការសហប្រជាជាតិ(UN)ត្រៀមខ្លួនបញ្ជូនក្បួនរថយន្តដឹកជំនួយមនុស្សធម៌ចូលទៅកាន់ខេត្តភាគខាងត្បូង Sweida ប្រទេសស៊ីរី ក្រោយរយៈពេលច្រើនថ្ងៃនៃការបង្ហូរឈាមគ្នា បណ្តាលឲ្យមនុស្សរាប់រយនាក់ បាត់បង់ជីវិត និងមនុស្សប្រហែល ១៧៥.០០០បានជម្លៀសខ្លួន ។
ការត្រៀមខ្លួន បានចាប់ផ្តើម ក្រោយក្រសួងការបរទេសស៊ីរី បានបើកភ្លើងខៀវដល់ទីភ្នាក់ងារជំនួយ UN ចូលដល់ខេត្ត Sweida ដោយផ្ទាល់ ក្រោយក្រុមអឌ្ឍចន្ទក្រហមស៊ីរីអារ៉ាប់ បានចែកចាយជំនួយ UN ៣លើក ចូលទៅកាន់ខេត្តមួយនេះ ។
លោក Marianne Ward គឺជាប្រធានកម្មវិធីស្បៀងអាហារពិភពលោករបស់ UNប្រចាំនៅប្រទេសស៊ីរី និយាយថា ក្បួនរថយន្តថ្មីនេះ រួមមានស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀត ។
លោក Ward និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកយើងរៀបចំក្បួនរថយន្តដោយមានការគាំទ្រពីទីភ្នាក់ងារជំនួយ UNផងដែរ ហើយពួកយើងរំពឹងថា នឹងអាចនាំយកភួយទៅកាន់សហគមន៍ងាយរងគ្រោះផងដែរ ។
សូមបញ្ជាក់ថា អំពើហិង្សានៅខេត្ត Sweida បានចាប់ផ្តើមឡើងកាលពីថ្ងៃទី ១៣ ខែកក្កដា ពេលដែលក្រុមជីវពលក្នុងស្រុកមកពីជនជាតិភាគតិច Druze បានប៉ះទង្គិចគ្នាជាមួយក្រុមកុលសម្ព័ន្ធ Bedouin ។ រដ្ឋាភិបាលស៊ីរី បញ្ជូនទាហានរបស់ខ្លួនទៅបង្ក្រាបការប្រយុទ្ធគ្នា ប៉ុន្តែការប៉ះទង្គិចគ្នាកាន់តែតានតឹងខ្លាំង ដោយបានសម្លាប់មនុស្សជាង ១ពាន់នាក់ ៕