លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃពុធ (៣០ កក្កដា) ថា សហរដ្ឋអាមេរិក នឹងគិតពន្ធ ១៥% លើទំនិញនាំចូលពីកូរ៉េខាងត្បូង ជាផ្នែកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ដែលបន្ធូរបន្ថយភាពតានតឹងជាមួយដៃគូពាណិជ្ជកម្មកំពូលទី១០ និងសម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់របស់ទីក្រុងវ៉ាស៊ីនតោន។

ការប្រកាសនេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះមុនកាលបរិច្ឆេទកំណត់ពន្ធចូលជាធរមានថ្ងៃទី០១ ខែសីហា ស្អែកនេះ សម្រាប់ឱ្យប្រទេសនានាសម្រេចកិច្ចព្រមព្រៀងជាមួយអាមេរិក បើពុំនោះសោតត្រូវរងអត្រាពន្ធខ្ពស់ៗដែលបានគំរាមកំហែង។ កូរ៉េខាងត្បូង ពីមុនត្រូវប្រឈមពន្ធ ២៥% ប្រសិនបើខ្លួនមិនបានធ្វើកិច្ចព្រមព្រៀង ប៉ុន្តែពេលនេះ អត្រាពន្ធត្រូវបន្ទាបមកត្រឹម ១៥%។

លោក Trump បានសរសេរលើបណ្ដាញសង្គម Truth Social ថា "សូមប្រកាសថា សហរដ្ឋអាមេរិកបានយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មពេញលេញ និងទាំងស្រុងជាមួយកូរ៉េខាងត្បូងហើយ"។ លោកបន្ថែមថា កូរ៉េខាងត្បូងបានយល់ព្រមវិនិយោគ ៣៥០ពាន់លានដុល្លារ នៅអាមេរិក ក្នុងគម្រោងដែលត្រូវបានជ្រើសរើសដោយលោក Trump ហើយនឹងទិញឧស្ម័នធម្មជាតិរាវ និងផលិតផលថាមពលផ្សេងៗទៀតតម្លៃ ១០០ពាន់លានដុល្លារ។
លោក Howard Lutnick រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក និយាយថា អត្រាពន្ធរបស់អាមេរិក លើរថយន្តរបស់កូរ៉េខាងត្បូង នឹងត្រូវកំណត់នៅ ១៥% ដូចគ្នា ហើយការនាំចេញផលិតផលបន្ទះឈីប និងឱសថ នឹងត្រូវរងពន្ធដូចទៅនឹងទំនិញមកពីប្រទេសដទៃទៀត។ ចំណែកពន្ធលើដែកថែប អាលុយមីញ៉ូម និងទង់ដែង មិនត្រូវគ្របដណ្ដប់ដោយកិច្ចព្រមព្រៀងថ្មីនេះទេ ហើយអត្រាពន្ធរបស់អាមេរិក លើទំនិញទាំងនោះ -ពោលគឺ ៥០%- នឹងនៅតែមិនផ្លាស់ប្តូរ៕
