សេតវិមាន បាននិយាយកាលពីថ្ងៃពុធ (៣០ កក្កដា) ថា សហរដ្ឋអាមេរិក កំពុងផ្អាកការលើកលែង "ពន្ធតូចតាច" ដែលអនុញ្ញាតឱ្យការដឹកជញ្ជូនពាណិជ្ជកម្មតម្លៃទាបពីទូទាំងពិភពលោកចូលទៅកាន់សហរដ្ឋអាមេរិក ដោយមិនប្រឈមនឹងពន្ធ។

សេតវិមានបន្តថា នៅក្រោមក្រឹត្យ — ដែលបានចុះហត្ថលេខាដោយលោកប្រធានាធិបតី Donald Trump — កញ្ចប់ទំនិញមានតម្លៃស្មើ ឬក្រោម ៨០០ដុល្លារអាមេរិក ពីគ្រប់ទិសទីដែលផ្ញើទៅកាន់សហរដ្ឋអាមេរិក តាមរយៈខាងក្រៅបណ្តាញប្រៃសណីយ៍អន្តរជាតិ ឥឡូវនេះនឹងត្រូវប្រឈមមុខនឹង "ពន្ធកាតព្វកិច្ចដែលអាចអនុវត្តបានទាំងអស់" ដែលចាប់ផ្តើមនៅថ្ងៃទី២៩ ខែសីហា ខាងមុខនេះ។
លោក Trump បានកំណត់គោលដៅកញ្ចប់ទំនិញតម្លៃទាបបែបនេះតែពីប្រទេសចិន និងទីក្រុងហុងកុងប៉ុណ្ណោះ។ សេចក្ដីស្នើច្បាប់ពន្ធអាករក្នុងស្រុក និងចំណាយ ដែលទើបត្រូវចុះហត្ថលេខាដោយលោក Trump ថ្មីៗនេះ បានលុបចោលមូលដ្ឋានច្បាប់សម្រាប់ការលើកលែង "ពន្ធតូចតាច" បែបនេះនៅទូទាំងពិភពលោក ដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៧ តទៅ។
អត្រាពន្ធ ឬតម្លៃជាក់លាក់ដែលកញ្ចប់ទំនិញតម្លៃទាបនេះត្រូវប្រឈមគឺមិនទាន់ច្បាស់ទេ។ យ៉ាងណាក៏ដោយ ទំនិញដែលដឹកជញ្ជូនតាមប្រព័ន្ធប្រៃសណីយ៍ នឹងត្រូវប្រឈមនឹងពន្ធមួយក្នុងចំណោមពន្ធពីរដូចជា៖ "ពន្ធនាំចូលគណនាដោយផ្អែកលើតម្លៃទំនិញ" ស្មើនឹងអត្រាពន្ធមានប្រសិទ្ធភាពនៃប្រទេសប្រភពដើមនៃកញ្ចប់ទំនិញ ឬក៏ -សម្រាប់រយៈពេល ៦ខែ- ពន្ធគយជាក់លាក់ពី ៨០ដុល្លារទៅ ២០០ដុល្លារ គឺអាស្រ័យលើអត្រាពន្ធរបស់ប្រទេសប្រភពដើមទំនិញ។
គួរឱ្យដឹងថា អាមេរិកបានលុបចោលការលើកលែងពន្ធតូចតាចនេះលើកញ្ចប់តម្លៃទាបពីចិន នៅដើមខែឧសភា ហើយចាប់ពីថ្ងៃទី០២ ខែឧសភាមក ការនាំចេញពីចិន និងក្រុងហុងកុង ត្រូវបង់ពន្ធក្នុងអត្រាដំបូងយ៉ាងខ្ពស់រហូតដល់ ១៤៥% ប៉ុន្តែក៏ធ្លាក់មកត្រឹម ៣០% វិញ បន្ទាប់ពីមានការបន្ធូរកម្ដៅជម្លោះពាណិជ្ជកម្មនៅពាក់កណ្តាលខែឧសភា រវាងសហរដ្ឋអាមេរិក និងចិន៕

