រដ្ឋាភិបាលប្រទេសអង់ហ្គោឡា បាននិយាយថា មនុស្សយ៉ាងហោចណាស់២២នាក់បានស្លាប់ និង១៩៧ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងអំពើហិង្សាដែលបានផ្ទុះឡើងអំឡុងការតវ៉ាប្រឆាំងការដំឡើងថ្លៃប្រេងឥន្ធនៈ ក្នុងសប្តាហ៍នេះ។

ភាពវឹកវរបានផ្ទុះឡើង នៅពេលដែលសមាគមរថយន្តតាក់ស៊ី បានចាប់ផ្តើមធ្វើកូដកម្មរយៈពេល៣ថ្ងៃប្រឆាំងការសម្រេចរបស់រដ្ឋាភិបាលដើម្បីដំឡើងតម្លៃប្រេងម៉ាស៊ូត១ភាគ៣ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការឧបត្ថម្ភធន និងបង្កើនហិរញ្ញវត្ថុសាធារណៈ។

ការចូលលួច ការបំផ្លិចបំផ្លាញ និងការប៉ះទង្គិចគ្នាជាមួយនគរបាល បានចាប់ផ្តើមនៅក្នុងរដ្ឋធានី Luanda ហើយក្រោយមកបានរាលដាលដល់ខេត្តចំនួន៦ផ្សេងទៀត។ ការបាញ់កាំភ្លើងជាបន្តបន្ទាប់ ត្រូវបានឮនៅពាសពេញទីក្រុង Luanda និងទីក្រុងមួយចំនួនទៀត ខណៈមនុស្សជាច្រើនបានចូលលួចនៅក្នុងហាងទំនិញ និងបានប៉ះទង្គិចជាមួយនគរបាល។
គណៈរដ្ឋមន្ត្រីរបស់លោកប្រធានាធិបតី Joao Lourenco បានជួបប្រជុំគ្នាកាលពីថ្ងៃពុធ ហើយបានទទួលព័ត៌មានថ្មីៗអំពីស្ថានភាពសន្តិសុខ និងការឆ្លើយតបរបស់នគរបាល។
សេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីបាននិយាយថា មានអ្នកស្លាប់ចំនួន២២នាក់ មនុស្ស ១៩៧នាក់បានរងរបួស និង១.២១៤នាក់ត្រូវបានចាប់ខ្លួន។ សេចក្តីថ្លែងការណ៍បាននិយាយថា ហាងទំនិញចំនួន៦៦កន្លែង និងរថយន្ត២៥គ្រឿងត្រូវបានបំផ្លាញ ហើយផ្សារទំនើបនិងឃ្លាំងមួយចំនួនត្រូវបានគេចូលលួច។