តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ក្រោមដំបូលផ្ទះតែមួយ ឯកឧត្ដមពិតជាមានមោទនភាពដែលបានកើតមកជាកូនខ្មែរ ខណៈពេលនេះ ម៉ោងនេះ ប្រជាជនខ្មែរ មានទឹកចិត្តតែមួយ សំឡេងតែមួយ ស្មារតីតែមួយ ដែលនេះជាកម្លាំងរបស់ជាតិខ្មែរយើង។
ឯកឧត្ដមបន្តថា តាមរយៈបញ្ហាដែលបានកើតឡើងនាពេលនេះ បានបង្ហាញឱ្យឃើញកាន់ច្បាស់ បន្ទរកាន់តែឮ ពីទឹកចិត្តស្នេហាជាតិបស់កូនខ្មែរ ដែលបានចេញមករួមគ្នាក្រោកឈរធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ នៅពេលដែលប្រទេសជាតិត្រូវការ។ ឯកឧត្ដមពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត សម្រាប់ទឹកចិត្តដែលមិនអាចកាត់ថ្លៃបានរបស់កូនខ្មែរគ្រប់រូប ដែលបានចូលរួមតាមរយៈសកម្មភាពតូចធំជាច្រើនរាប់មិនអស់ រួមបញ្ចូលទាំងការផ្ដល់ឱ្យនូវចេកមួយស្និត ទឹកមួយយួរ និងសកម្មភាពសម្បុរសធម៌នានាជាច្រើននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ក្រោមដំបូលផ្ទះតែមួយ ឯកឧត្ដមពិតជារំភើប និងមានមោទនភាពខ្លាំងបំផុតដែលបានកើតមកជាកូនខ្មែរ។ តាមរយៈសកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់កូនខ្មែរម្នាក់ៗ គឺជាការបង្ហាញពី ឆន្ទៈដ៏មុះមុតក្នុងការការពារបូរណភាពទឹកដីប្រកបដោយមនោសញ្ចេតនាដែលកើតចេញពី DNA របស់ខ្មែរ៕



















