ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធថា ការនាំចូលពីប្រទេសឥណ្ឌានឹងប្រឈមការដំឡើងពន្ធ២៥ភាគរយ ខណៈក៏បានប្រកាសពី«ការពិន័យ» ដែលមិនជាក់លាក់លើការទិញសព្វាវុធនិងថាមពលពីរុស្ស៊ី របស់ទីក្រុងញូវឌេលី។

លោក Trump បានបង្ហោះនៅលើវេទិកាសង្គម Truth Social របស់លោកថា វិធានការនេះនឹងចាប់ផ្តើមនៅថ្ងៃសុក្រ ដោយបន្ថែមទៅលើការដំឡើងពន្ធផ្សេងៗទៀតខណៈមួយចំនួនមានដល់ប្រហែល៥០ភាគរយ នឹងចូលជាធរមាននៅថ្ងៃតែមួយ។ នៅក្នុងការបង្ហោះដាច់ដោយឡែកមួយ លោក Trump បាននិយាយថា កាលបរិច្ឆេទថ្ងៃផុតកំណត់នៅថ្ងៃទី១ ខែសីហា «នៅតែរឹងមាំ ហើយនឹងពុំត្រូវបានពន្យារពេលឡើយ»។

កាលពីពេលមុន លោក Trump បានចេញការពន្យារពេលជាច្រើនលើកចំពោះអ្វីដែលហៅថាការដំឡើងពន្ធគយ «បដិការ» របស់លោក ចាប់តាំងពីការប្រកាសជាលើកដំបូងនៅដើមខែមេសា ខណៈបង្កើតមូលដ្ឋានបណ្តោះអាសន្ន១០ភាគរយ។ ការដំឡើងពន្ធ២៥ភាគរយលើប្រទេសឥណ្ឌានឹងទាបជាងអត្រាដែលត្រូវបានប្រកាសកាលពីខែមេសា ប៉ុន្តែខ្ពស់ជាងប្រទេសនៅអាស៊ីផ្សេងទៀតដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបឋមជាមួយទីក្រុងវ៉ាស៊ីនតោន។
ឥណ្ឌា ជាប្រទេសមានប្រជាជនច្រើនបំផុតនៅលើពិភពលោក ជាប្រទេសសេដ្ឋកិច្ចធំដំបូងគេដែលចូលរួមជាមួយរដ្ឋបាលលោក Trump ក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មដ៏ទូលំទូលាយ។ ប៉ុន្តែ៦ខែក្រោយមក ការទាមទារដ៏ច្រើនរបស់លោក Trump និងការស្ទាក់ស្ទើររបស់ប្រទេសឥណ្ឌាក្នុងការបើកយ៉ាងពេញលេញនូវវិស័យកសិកម្មនិងវិស័យផ្សេងទៀត រហូតមកដល់ពេលនេះបានរារាំងទីក្រុង New Delhi ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង។