
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ឯកឧត្ដម ប្រាក់ សុខុន បានអះអាងថា ប្រទេសជប៉ុនបានគាំទ្រកម្ពុជាសម្រាប់ដំណើរការសម្របសម្រួលរកដំណោះស្រាយបញ្ហាប្រទេសមីយ៉ាន់ម៉ានៅចំពេលដែលកម្ពុជាកំពុងកាន់តំណែងជាប្រធានអាស៊ាននៅឆ្នាំនេះ។
ឯកឧត្ដម ប្រាក់ សុខុន បានអះអាងបែបនេះ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃនេះ មួយថ្ងៃក្រោយជំនួបពិភាក្សាតាមទូរស័ព្ទរវាងឯកឧត្ដម និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា កាលពីថ្ងៃម្សិលមិញនេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ ប្រមុខការទូតកម្ពុជា បានប្រាប់ទៅប្រមុខការទូតជប៉ុនអំពីលទ្ធផលវិជ្ជមាននៃដំណើរទស្សនកិច្ចរបស់ប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីសប្ដាហ៍មុន។
នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្ដម ប្រាក់ សុខុន បានបញ្ជាក់ផងដែរពីជំហររបស់កម្ពុជា ដែលផ្ដល់សារៈសំខាន់ខ្លាំងទៅលើការឯកភាពគ្នារបស់អាស៊ាន ការព្រមព្រៀង ៥ចំណុចរបស់អាស៊ានសម្រាប់ដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា និងការរក្សាអាស៊ានមានសមាជិក ១០ប្រទេស។
បើតាមក្រសួងការបរទេសកម្ពុជា សមភាគីជប៉ុន លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា បានគាំទ្រកម្ពុជាក្នុងនាមជាប្រធានប្ដូរវេនរបស់អាស៊ាននៅឆ្នាំនេះ និងការតែងតាំងឯកឧត្ដម ប្រាក់ សុខុន ជាប្រេសិតពិសេសទទួលបន្ទុកសម្របសម្រួលបញ្ហាមីយ៉ាន់ម៉ា។
សេចក្ដីប្រកាសព័ត៌មានដដែលនេះ បានឱ្យដឹងទៀតថា ប្រមុខការទូតជប៉ុន បានបញ្ជាក់ថា ជប៉ុនគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងការសម្របសម្រួលឱ្យមានបរិយាកាសអំណោយផលសម្រាប់ការចរចាលើបញ្ហាមីយ៉ាន់ម៉ា។
សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ និងថ្ងៃទី៨ ខែមករានេះ ដោយបានជួបជជែកពិភាក្សាជាមួយលោកឧត្ដមសេនីយ៍ជាន់ខ្ពស់ មិន អ៊ុងឡាំង នៅរដ្ឋធានីណៃពិដោរ។
មីយ៉ាន់ម៉ា បានធ្លាក់ទៅក្នុងវិបត្តិនយោបាយ និងអំពើហិង្សា បន្ទាប់ពីក្រុមយោធាដឹកនាំដោយលោកឧត្ដមសេនីយ៍ មិន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីដើមខែកុម្ភៈឆ្នាំមុន៕

