ប្រមុខអង្គការសុខភាពពិភពលោក(WHO)បាននិយាយថា ការទទួលបានលំហូរជាបន្តបន្ទាប់នៃការផ្គត់ផ្គង់វេជ្ជសាស្រ្តទៅកាន់តំបន់ហ្កាហ្សានៅតែ «ពិបាក» ខណៈរថយន្តដឹកជំនួយរបស់អង្គការសុខភាពពិភពលោកធ្វើដំណើរឆ្ពោះទៅកាន់ព្រំដែនកាលពីថ្ងៃពុធ។

លោក Tedros Adhanom Ghebreyesus បាននិយាយថា ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ បានបញ្ជូនរថយន្តដឹកជំនួយចំនួន១០គ្រឿង ពីទីក្រុង El-Arish ប្រទេសអេហ្ស៊ីប ទៅកាន់ច្រកព្រំដែនKerem Shalom របស់អ៊ីស្រាអែល ឆ្លងកាត់ចូលទៅក្នុងតំបន់ហ្កាហ្សា។

លោកបាននិយាយថា រថយន្តដឹកជំនួយទាំងនោះមានផ្ទុក «ឱសថសំខាន់ៗ គ្រឿងផ្គត់ផ្គង់សម្រាប់មន្ទីរពិសោធន៍ និងការធ្វើតេស្តទឹក» ដោយរថយន្តដឹកជំនួយបន្ថែមចំនួន២គ្រឿងទៀត មានដឹកគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត នឹងផលិតផលឈាមចំនួន១២បាឡែត ដែលត្រូវបានគេរំពឹងថានឹងចូលទៅរួមគ្នានៅថ្ងៃព្រហស្បតិ៍នេះ។
លោក Tedros បាននិយាយថា «យើងបន្តអំពាវនាវឱ្យមានដំណើររការចូលប្រកបដោយនិរន្តរភាព សុវត្ថិភាព និងគ្មានការរារាំងសម្រាប់ជំនួយផ្នែកវេជ្ជសាស្រ្ដទៅក្នុងនិងនៅទូទាំងតំបន់ហ្កាហ្សា និងសម្រាប់បទឈប់បាញ់។ សន្តិភាពគឺជាឱសថល្អបំផុត»។ អ៊ីស្រាអែល បានដាក់ការបិទផ្លូវទាំងស្រុងនៅតំបន់ហ្កាហ្សានៅថ្ងៃទី ២ ខែមីនា បន្ទាប់ពីកិច្ចចរចាបទឈប់បាញ់ត្រូវបានដួលរលំ។ នៅចុងខែឧសភា ប្រទេសនេះបានចាប់ផ្តើមអនុញ្ញាតឱ្យមានជំនួយតិចតួចឡើងវិញ ក្នុងពេលមានការព្រមានអំពីរលកនៃភាពអត់ឃ្លាន។