ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មថ្មីទ្រង់ទ្រាយធំ កាលពីថ្ងៃពុធ (៣០ កក្កដា) ទៅលើបុគ្គល អង្គភាព និងនាវាជាង ១១៥ ដែលពាក់ព័ន្ធជាមួយអ៊ីរ៉ង់ នៅក្នុងសញ្ញាមួយបង្ហាញថា រដ្ឋបាលលោកប្រធានាធិបតី Donald Trump កំពុងបង្កើនយុទ្ធនាការ "សម្ពាធអតិបរមា" របស់ខ្លួន បន្ទាប់ពីការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់ទីក្រុងតេអេរ៉ង់ កាលពីខែមិថុនា។

ទណ្ឌកម្មនេះផ្តោតលើផលប្រយោជន៍ដឹកជញ្ជូនរបស់លោក Mohammad Hossein Shamkhani កូនប្រុសរបស់លោក Ali Shamkhani ដែលជាទីប្រឹក្សាផ្ទាល់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei។ ក្រសួងរតនាគារអាមេរិក និយាយថា នេះជាសកម្មភាពដាក់ទណ្ឌកម្មដ៏សំខាន់បំផុតទាក់ទងនឹងអ៊ីរ៉ង់ ចាប់តាំងពីឆ្នាំ២០១៨ ក្នុងអំឡុងពេលរដ្ឋបាលដំបូងរបស់លោក Trump មក។

យោងតាមក្រសួងរតនាគារ លោក Shamkhani បានគ្រប់គ្រងបណ្តាញដ៏ធំនៃកប៉ាល់ដឹកទូរកុងតឺន័រ និងនាវាដឹកប្រេង តាមរយៈបណ្តាញអន្តរការីដ៏ស្មុគស្មាញ ដែលលក់ប្រេងអ៊ីរ៉ង់ និងរុស្ស៊ី និងទំនិញផ្សេងទៀតនៅទូទាំងពិភពលោក។ ក្រសួងរតនាគារ ចោទលោក Shamkhani ថាប្រើប្រាស់ទំនាក់ទំនងផ្ទាល់ខ្លួន និងអំពើពុករលួយនៅទីក្រុងតេអេរ៉ង់ ដើម្បីបង្កើតប្រាក់ចំណេញរាប់សិបពាន់លានដុល្លារ ដែលភាគច្រើនត្រូវប្រើប្រាស់គាំទ្ររបបអ៊ីរ៉ង់។
សរុបមក ទណ្ឌកម្មថ្មីនេះមានគោលដៅលើក្រុមហ៊ុនដឹកជញ្ជូនចំនួន១៥, នាវា ៥២គ្រឿង, បុគ្គល ១២នាក់, និងអង្គភាព ៥៣ស្ថាប័ន ដែលពាក់ព័ន្ធនឹងការគេចវេសទណ្ឌកម្មនៅប្រទេសចំនួន១៧ ចាប់ពីប៉ាណាម៉ា រហូតដល់អ៊ីតាលី។ មន្ត្រីអាមេរិកម្នាក់និយាយថា ទណ្ឌកម្មថ្មីនេះនឹងធ្វើឱ្យអ៊ីរ៉ង់ "កាន់តែពិបាក" ក្នុងការលក់ប្រេងរបស់ខ្លួន ប៉ុន្តែបន្ថែមថា រដ្ឋបាលអាមេរិកមិនរំពឹងថានឹងមានការរំខានជានិរន្តរភាពចំពោះទីផ្សារប្រេងពិភពលោកនោះទេ៕
