នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានលើកឡើងកាលថ្ងៃពុធ (៣០ កក្កដា) ថា មានសញ្ញាកើនឡើងច្រើនដែលចង្អុលបង្ហាញថា សង្គ្រាមនៅអ៊ុយក្រែនអាចនឹងត្រូវផ្អាកក្នុងពេលឆាប់ៗ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ប៉ូឡូញត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច និងបន្តពង្រឹងសមត្ថភាពការពាររបស់ខ្លួន។

ថ្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកងទ័ពអាកាសក្នុងទីក្រុងវ៉ាសូវី លោក Tusk សង្កត់ធ្ងន់ថា លទ្ធភាពនៃការបញ្ឈប់ណាមួយក្នុងការប្រយុទ្ធគ្នានៅអ៊ុយក្រែន នឹងមិនផ្លាស់ប្តូរឥរិយាបថការពារជាតិរបស់ប៉ូឡូញនោះទេ នេះបើតាមសេចក្ដីរាយការណ៍ពីទូរទស្សន៍ប៉ូឡូញ TVP World។

លោក Tusk បាននិយាយថា "មានឱកាសល្អ ហើយក៏មានសញ្ញាជាច្រើនដែលបង្ហាញថាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន អាចនឹងត្រូវផ្អាកនាពេលខាងមុខ ប៉ុន្តែបែបនេះក៏មិនអាចផ្លាស់ប្តូរស្ថានភាពរបស់ប៉ូឡូញបានឡើយ"។ នាយករដ្ឋមន្រ្តីរូបនេះព្រមានថា ប៉ូឡូញត្រូវតែរក្សាស្ថានភាពត្រៀមខ្លួនជានិច្ចដោយមិនគិតពីស្ថានការណ៍វិវត្តបែបណានៅលើជួរមុខរុស្ស៊ី-អ៊ុយក្រែនឡើយ។

គួរបញ្ជាក់ថា ប៉ូឡូញ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បាននឹងកំពុងបន្តជំរុញការពង្រីកយោធារបស់ខ្លួន ស្របពេលមានការភ័យខ្លាចនៃប្រតិបត្តិការយោធាណាមួយដែលអាចកើតមានពីប្រទេសរុស្ស៊ី។ លោក Tusk មិនបានលម្អិតលើសញ្ញាជាក់លាក់ដែលបង្ហាញពីលទ្ធភាពផ្អាកអរិភាពនៅអ៊ុយក្រែននោះទេ។
សមរភូមិកាន់តែក្ដៅគគុកនៅលើមុខជាច្រើន និងជាពិសេសក្នុងប្រតិបត្តិការដណ្ដើមគ្រប់គ្រងលើមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ Pokrovsk របស់អ៊ុយក្រែន នាពេលថ្មីៗនេះ ខណៈកិច្ចប្រឹងប្រែងការទូតដើម្បីសម្រេចបទឈប់បាញ់ ពុំទាន់មានផ្លែផ្កា ជាមួយនឹងកិច្ចប្រជុំលើកទី៣ នៅទីក្រុងអ៊ីស្តង់ប៊ុល កាលថ្ងៃទី២៣ កក្កដា បញ្ចប់ដោយពុំមានការទម្លាយភាពជាប់គាំងធំដុំអ្វីឡើយ៕