ស្របពេលមានការវាយប្រហារដ៏ខ្លាំងក្លាឥតឈប់ឈររបស់កងកម្លាំងរុស្ស៊ីលើទីលានហ្វឹកហាត់របស់យោធាអ៊ុយក្រែន អគ្គមេបញ្ជាការអ៊ុយក្រែន លោក Oleksandr Syrskyi បាននិយាយថា ការហ្វឹកហ្វឺនយោធានឹងត្រូវផ្លាស់ទៅក្រោមដី ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីការពារសុវត្ថិភាពទាហាន កាន់តែប្រសើរឡើង។

លោក Syrskyi បាននិយាយបន្ទាប់ពីកិច្ចប្រជុំប្រចាំខែស្តីពីការត្រៀមខ្លួនរបស់កងទ័ពថា "ទឹកដីទាំងមូលនៃអ៊ុយក្រែន បន្តស្ថិតនៅក្នុងជួរនៃមីស៊ីល និងយានដ្រូនរបស់សត្រូវ" ដោយបន្ថែមថា "ដំណើរការបណ្តុះបណ្តាលកងកម្លាំង ត្រូវតែផ្លាស់ទីទៅក្រោមដីតាមលទ្ធភាពដែលអាចធ្វើទៅបាន"។
មីស៊ីលរបស់រុស្ស៊ី បានវាយប្រហារសន្ធាប់ខ្លាំងលើទីតាំងហ្វឹកហ្វឺនកងកម្លាំងជើងគោករបស់ក្រុងគីវ កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ ដែលធ្វើឱ្យមនុស្សស្លាប់ និងរបួសជាច្រើន ហើយបានជំរុញឱ្យយោធាអ៊ុយក្រែន បើកការស៊ើបអង្កេតផ្លូវការ ដើម្បីកំណត់ថា តើចន្លោះប្រហោងធ្វេសប្រហែសរបស់ក្រុមមន្ត្រីយោធា បានរួមចំណែកដល់ការស្លាប់ និងរបួសនោះដែរឬទេ។
កាលថ្ងៃទី០១ ខែមីនា ការវាយប្រហារដោយមីស៊ីលប្រភេទ Iskander-M របស់រុស្ស៊ី បានត្រូវចំសមយុទ្ធទ្រង់ទ្រាយធំមួយនៅតំបន់ Dnipropetrovsk បង្កការស្លាប់ និងរងរបួសទាហានអ៊ុយក្រែនជាច្រើននាក់។ ដ្រូនឈ្លបយកការណ៍របស់រុស្ស៊ី បានកំណត់អត្តសញ្ញាណទាហានអ៊ុយក្រែនដែលប្រមូលផ្តុំនៅទីនោះ មុនពេលការវាយប្រហារ។
ក្រោមកម្មវិធីហ្វឹកហ្វឺនដែលត្រូវកែសម្រួលថ្មី អ៊ុយក្រែនបានពង្រីកវគ្គប្រយុទ្ធជាមូលដ្ឋានរបស់ខ្លួនដល់ទៅ ៥១ថ្ងៃ ពីចំនួន ៤៩ថ្ងៃពីមុន ហើយបន្ថែមវគ្គសិក្សាថ្មីស្តីពីសង្គ្រាមយានដ្រូន ការរស់រានជីវិតក្នុងលេណដ្ឋាន និងវិស្វកម្មជាដើម៕

