រដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែលអាចគំរាមដាក់បញ្ចូលឧបសម្ព័ន្ធផ្នែកជាច្រើននៅតំបន់ហ្កាហ្សា ដើម្បីបង្កើនសម្ពាធលើក្រុមសកម្មប្រយុទ្ធហាម៉ាស ជាគំនិតមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ក្តីសង្ឃឹមរបស់ប៉ាឡេស្ទីននូវភាពជារដ្ឋនៅលើដែនដីដែលអ៊ីស្រាអែលកាន់កាប់នៅពេលនេះ។

ការអត្ថាធិប្បាយរបស់សមាជិកគណៈរដ្ឋមន្ត្រីសន្តិសុខ លោក Zeev Elkin បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីចក្រភពអង់គ្លេសបាននិយាយថា ខ្លួននឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅខែកញ្ញាខាងមុខ លុះត្រាតែអ៊ីស្រាអែល មានចំណាត់ការធ្វើឲ្យធូរស្រាលការឈឺចាប់នៅតំបន់ហ្កាហ្សា និងព្រមព្រៀងចំពោះបទឈប់បាញ់ក្នុងសង្គ្រាមជាមួយក្រុមហាម៉ាស។

ប្រទេសបារាំង បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅខែកញ្ញា ហើយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក៏បានចេញសេចក្តីប្រកាសមួយដែលត្រូវបានគាំទ្រដោយប្រទេសអេហ្ស៊ីប កាតា និងសម្ព័ន្ធអារ៉ាប់ ដោយបង្ហាញពីជំហានឆ្ពោះទៅរកការអនុវត្តដំណោះស្រាយរដ្ឋពីរ។
ជាផ្នែកមួយនៃការបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា ពួកគេបាននិយាយថា ក្រុមហាម៉ាស «ត្រូវតែបញ្ចប់ការគ្រប់គ្រងនៅក្នុងតំបន់ហ្កាហ្សា ហើយប្រគល់អាវុធរបស់ខ្លួនទៅឱ្យអាជ្ញាធរប៉ាឡេស្ទីន»។ អ៊ីស្រាអែលបានថ្កោលទោសចំណាត់ការក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនថាជាការផ្តល់រង្វាន់ដល់ក្រុមហាម៉ាសសម្រាប់ការវាយលុកកាលពីខែតុលា ឆ្នាំ២០២៣ ដែលបានបង្កឱ្យមានសង្រ្គាម។
កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលក្នុងគោលបំណងឈានដល់កិច្ចព្រមព្រៀងមួយ ដែលនឹងធានាបាននូវបទឈប់បាញ់រយៈពេល៦០ថ្ងៃ និងការដោះលែងចំណាប់ខ្មាំងនៅសល់ដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស បានបញ្ឈប់កាលពីសប្តាហ៍មុន ដោយភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះភាពជាប់គាំង។