អ្នកជំងឺនៅក្នុងមន្ទីរពេទ្យប្រទេសនីហ្សេរីយ៉ា សម្រាកនៅលើគ្រែមានការឈឺចាប់ដោយសារតែគ្មានជំនួយ ខណៈគិលានុបដ្ឋាយិកាបានចាប់ផ្តើមធ្វើកូដកម្មរយៈពេលមួយសប្តាហ៍កាលពីថ្ងៃពុធ ទី៣០ ខែកក្កដា ជុំវិញអ្វីដែលពួកគេនិយាយថា កង្វះការគាំទ្រសម្រាប់វិស័យថែទាំសុខភាពពីរដ្ឋាភិបាល។ មន្ទីពេទ្យគ្មានបុគ្គលិកនិងគ្មានគិលានុបដ្ឋាយិកាទៅជួបអ្នកជំងឺ ខណៈអ្នកជំងឺទាំងនេះបានបង្ហាញការខកចិត្ត។

អ្នកជំងឺនៅមន្ទីរពេទ្យ លោក Obinna Nnengu បានប្រាប់សារព័ត៌មានរ៉យទ័រថា «ខ្ញុំឈឺធ្ងន់ គ្មាននរណាម្នាក់មករកខ្ញុំទេ។ តាមពិតទៅ ខ្ញុំមិនដឹងថាមានជំនួយមកពីខាងណានោះទេ ប៉ុន្តែខ្ញុំបួងសួងសូមឱ្យខ្ញុំរួចផុតពីស្ថានភាពបែបនេះដែលខ្ញុំកំពុងជួបប្រទះនៅពេលនេះ»។

គិលានុបដ្ឋាយិកា ដឹងពីជំងឺរបស់អ្នកជំងឺដែលពួកគេថែទាំជារៀងរាល់ថ្ងៃ។ ប៉ុន្តែពួកគេនិយាយថា រដ្ឋាភិបាលនីហ្សេរីយ៉ា មិនអើពើនឹងទុក្ខលំបាករបស់ពួកគេ ដោយម៉ោងការងារត្រូវនៅយូរ និងកង្វះបុគ្គលិក។ នាង Olusanya Mopelola ជាគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យជាតិក្នុងទីក្រុង Abuja បាននិយាយថា «យើងបានរងទុក្ខគ្រប់គ្រាន់ហើយ។ យើងបានរងទុក្ខយ៉ាងច្រើន។ គ្មាននរណាម្នាក់មានបំណងគិតគូរពីអ្វីដែលគិលានុបដ្ឋាយិកាកំពុងឆ្លងកាត់នោះទេ។
សមាគមជាតិនៃគិលានុបដ្ឋាយិកា និងឆ្មបនៅប្រទេសនីហ្សេរីយ៉ា នៅក្នុងសមាជមួយនៅព្រឹកនេះបាននិយាយថា កូដកម្មនឹងមានរយៈពេលមួយសប្តាហ៍ ហើយនឹងបន្តប្រសិនបើរដ្ឋាភិបាលមិនអើពើទៅនឹងសកម្មភាពការងាររបស់ពួកគេ។