ថ្នាក់ដឹកនាំយោធារបស់មីយ៉ាន់ម៉ា នាថ្ងៃព្រហស្បតិ៍ (៣១ កក្កដា) នេះ បានប្រកាសដកច្បាប់គ្រាអាសន្ន រយៈពេលជាង ៤ឆ្នាំបន្ទាប់ពីខ្លួនឡើងកាន់អំណាច ក្រោយកិច្ចប្រជុំរបស់ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ ដែលជាជំហានចាំបាច់សម្រាប់រៀបចំការបោះឆ្នោតនាពេលខាងមុខនេះ។ នៅក្រោមរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ របស់សហភាពមីយ៉ាន់ម៉ា ច្បាប់គ្រាអាសន្នត្រូវតែដកចេញ មុនពេលការបោះឆ្នោតអាចធ្វើឡើងបាន។

ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ MRTV បានរាយការណ៍នៅថ្ងៃដដែលថា របបសឹកក៏បានប្រកាសពីការបង្កើតគណៈកម្មការមួយមានសមាជិកចំនួន ១១រូប ដែលដឹកនាំដោយប្រមុខរបបសឹក លោក Min Aung Hlaing ដើម្បីរៀបចំការបោះឆ្នោតនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ។
MRTV រាយការណ៍ថា របបសឹកមិនបានប្រកាសកាលបរិច្ឆេទផ្លូវការសម្រាប់ការបោះឆ្នោតទេ ហើយលោក Min Aung Hlaing នឹងបន្តកាន់តំណែងប្រកបដោយប្រសិទ្ធភាព ក្នុងតួនាទីជាប្រធានាធិបតីបណ្តោះអាសន្ន ដែលនឹងត្រួតពិនិត្យលើការបោះឆ្នោត។
ការបោះឆ្នោតដែលស្នើឡើងនោះ ត្រូវបានលោក Min Aung Hlaing បញ្ជាក់ថា នឹងប្រព្រឹត្តទៅក្នុងខែធ្នូ ចុងឆ្នាំ២០២៥ នេះ ឬក៏ខែមករា ដើមឆ្នាំក្រោយ ហើយនឹងក្លាយជាការបោះឆ្នោតជាតិលើកដំបូង ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ដែលបានបញ្ឆេះសង្រ្គាមស៊ីវិល និងធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ធ្លាក់ចូលទៅក្នុងភាពវឹកវរ។
គេមិនច្បាស់ទេថា តើរបបសឹកគ្រោងនឹងរៀបចំការបោះឆ្នោតជាដំណាក់កាល ឬយ៉ាងណា ខណៈមានសញ្ញាអាចទៅរួចដ៏ធំមួយដែលបង្ហាញថា មីយ៉ាន់ម៉ានឹងជួបការលំបាកដើម្បីធានាសន្តិសុខនៅក្នុងការបោះឆ្នោតតែមួយថ្ងៃទូទាំងប្រទេស ហើយក៏មិនច្បាស់ដែរថាតើមានតារាងពេលវេលារួមបញ្ចូលរយៈពេលយុទ្ធនាការដែរឬក៏អត់៕

