ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយកាលពីល្ងាចថ្ងៃពុធថា ខ្លួនបានវាយប្រហារដោយយានដ្រូនចំនួន ៥គ្រឿង ទៅលើគោលដៅយោធាអ៊ីស្រាអែលចំនួន ៣ កន្លែង នៅពេលរសៀល។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចាក់ផ្សាយដោយទូរទស្សន៍ al-Masirah TV របស់ក្រុមហ៊ួទី អ្នកនាំពាក្យយោធារបស់ក្រុមនេះ លោក Yahya Sarea បាននិយាយថា យានដ្រូនចំនួន ៥គ្រឿង បានវាយប្រហារគោលដៅយោធា នៅក្នុងទីក្រុងតែលអាវីវ ( Tel Aviv), Ashkelon និង Negev។

លោកបានអះអាងថា ប្រតិបត្តិការនេះ បាន «ជោគជ័យ» និង «បានចំគោលដៅ»យ៉ាងជាក់លាក់។
នៅពេលរសៀលថ្ងៃពុធ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានស្ទាក់ចាប់យានដ្រូនដែលបានបាញ់ចេញពីប្រទេសយេម៉ែន មុនពេលវាចូលទៅក្នុងដែនអាកាសអ៊ីស្រាអែល។ កងកម្លាំងនេះ បានបន្ថែមថា៖«គ្មានស៊ីរ៉ែនវាយប្រហារតាមអាកាសណាមួយ ត្រូវបានធ្វើឲ្យឮឡើង ដៅយសារការវាយប្រហារនោះទេ»។
នេះ គឺជាការវាយប្រហារលើកទី២ របស់ក្រុមហ៊ួទីប្រឆាំងនឹងអ៊ីស្រាអែល ក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពី កងកម្លាំងការពារអ៊ីស្រាអែល បានរាយការណ៍ពីការស្ទាក់ចាប់មីស៊ីលមួយគ្រាប់ដែលវាយប្រហារដោយ ក្រុមនេះ កាលពីល្ងាចថ្ងៃអង្គារ។
ក្រុមហ៊ួទី ដែលគ្រប់គ្រងភាគច្រើននៃភាគខាងជើងប្រទេសយេម៉ែន បាននិងកំពុងកំណត់គោលដៅលើប្រទេសអ៊ីស្រាអែល ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេ ស្ទីន ដែលត្រូវបានឡោមព័ទ្ធនៅតំបន់ហ្កាហ្សា។