កាសែត Washington Post រាយការណ៍ថា យ៉ាងហោចណាស់កុមារ ១៨.៥៩២នាក់ ក្នុងនោះមានទារកអាយុក្រោម ១ឆ្នាំ ចំនួន ៩៥៣នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ហ្កា ហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ មក។

សារព័ត៌មាននេះ បានចុះផ្សាយឈ្មោះកុមារទាំងអស់ដែលត្រូវបានគេសម្លាប់ក្នុងជម្លោះ រវាងអ៊ីស្រាអែល និងចលនាប៉ាឡេស្ទីនហាម៉ាស។
កាលពីថ្ងៃទី ២៩ ខែកក្កដា ក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សា បានប្រកាសថា ចំនួនអ្នកស្លាប់នៅដែនដីនេះ បានឡើងដល់ ៦០.០៣៤នាក់ ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ ហើយមនុស្សចំនួន ១៤៥.៨៧០ នាក់ផ្សេងទៀត បានរងរបួស។

ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ា នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុម សកម្មប្រយុទ្ធហាម៉ាស បានធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែល ពីតំបន់ហ្កាហ្សាដោយបានសម្លាប់អ្នកស្រុកនៃតំបន់ព្រំដែនអ៊ីស្រាអែលនិងចាប់ចំណាប់ថ្នូរជាច្រើននាក់។ ក្រុមហាម៉ាសបានពណ៌នាការវាយប្រហាររបស់ខ្លួនថា ជាការសងសឹកចំពោះសកម្មភាពឈ្លានពានដែលធ្វើឡើងដោយអាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារឥស្លាម Al-Aqsa នៅលើប្រាសាទភ្នំ ក្នុងទីក្រុងចាស់នៃរដ្ឋធានីហ្ស៊េរុយសាឡឹម។ ជាការឆ្លើយតប អ៊ីស្រាអែល បានប្រកាសបិទផ្លូវទាំងស្រុងនៃតំបន់ហ្កាហ្សាស្ទ្រីប ហើយបានបើកប្រតិបត្តិការយោធានៅក្នុងទឹកដីនេះ ដើម្បីរំដោះចំណាប់ខ្មាំងទាំងអស់ និងបំផ្លាញសមត្ថភាពយោធារបស់ក្រុមហាម៉ាស។
នៅក្នុងខែមីនា កងទ័ពអ៊ីស្រាអែល បានបន្តប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សា ដោយបានបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានឈានដល់ក្នុងខែមករា។ ភាគីទាំងពីរ បានបរាជ័យក្នុងការព្រមព្រៀងទៅលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងថ្មីមួយ បន្ទាប់ពីការចរចាជាច្រើនជុំដែលសម្របសម្រួលដោយប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក។