សមាជិកព្រឹទ្ធាសភាលោក Lindsey Graham នៃគណបក្សសាធារណរដ្ឋមកពីរដ្ឋ South Carolina ជាថ្មីម្តងទៀត បានប្រកាសពីចេតនារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការដាក់ពន្ធលើប្រទេសដែលទិញប្រេង និងឧស្ម័នពីរុស្ស៊ី។

លោក Graham បានសរសេរនៅលើទំព័របណ្តាញសង្គម X របស់លោកថា៖«រុស្សី អ្នកពិតជាត្រឹមត្រូវ នៅពេលនិយាយអំពីដាក់ទណ្ឌកម្ម។ អ្នកអាចគេចពីពួកវា ហើយអ្នកបានរៀនរស់នៅជាមួយពួកវា។ ជាក់ស្តែង អ្វីដែលអ្នកមិនយល់នោះ គឺថា លោកប្រធានាធិបតី ត្រាំ កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រនេះ ហើយលោកនឹងដាក់ពន្ធលើបណ្តាប្រទេសដែលទិញប្រេង និងឧស្ម័នរបស់អ្នក ដែលជួយគាំទ្រយន្តការសង្រ្គាមរបស់អ្នកនោះ។ យោងទៅតាមលោក បានឲ្យដឹងថា សំឡេងភាគច្រើននៃគណបក្សទាំងពីរ ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រលោកប្រធានាធិបតី ក្នុងការធ្វើដូច្នេះ។
កាលពីថ្ងៃទី ១៤ ខែកក្កដា លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក នឹងដាក់ពន្ធ ១០០% លើប្រទេសរុស្ស៊ី និងដៃគូពាណិជ្ជកម្មរបស់ខ្លួន ប្រសិនបើទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ មិនឈានដល់កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយមួយនៅអ៊ុយក្រែន ក្នុងរយៈពេល ៥០ថ្ងៃ នោះទេ ។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមក មេដឹកនាំអាមេរិករូបនេះ បានកាត់បន្ថយរយៈពេលនេះមកត្រឹម ១០ថ្ងៃ ដោយចាប់ផ្តើម នៅថ្ងៃទី ៣០ ខែកក្កដា។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣០ ខែកក្កដា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា សេដ្ឋកិច្ចរុស្ស៊ី កំពុងដំណើរការដោយជោគជ័យ ក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ក្នុងការឆ្លើយតបទៅនឹងសំណួររបស់ទីភ្នាក់ងារសារព័ត៌មានTASS អំពីការរៀបចំសម្រាប់ទណ្ឌកម្ម ដែលប្រកាសដោយសហរដ្ឋអាមេរិកប្រឆាំងនឹងរុស្ស៊ី ក្នុង រយៈពេល ១០ថ្ងៃថា៖«យើងបានរស់នៅក្រោមការដាក់ទណ្ឌកម្មយ៉ាងច្រើនអស់រយៈពេលជាយូរមកហើយ ហើយសេដ្ឋកិច្ចរបស់យើង កំពុងដំណើរការទៅមុខ»។ លោកបានបន្ថែមថា៖«ជាការពិត យើងមានភាពសុំារួចទៅហើយចំពោះទណ្ឌកម្មនោះ»។