ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មបាននិយាយ បន្ទាប់ពីការប្រកាសពន្ធ ២៥% ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump)ថា ប្រទេសឥណ្ឌា ចាត់ទុកសារៈសំខាន់បំផុតក្នុងការការពារ និងលើកកម្ពស់សុខុមាលភាពរបស់កសិករ និងអាជីវកម្មរបស់ខ្លួន។

ក្រសួងបាននិយាយថា៖«រដ្ឋាភិបាល នឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាដល់ផលប្រយោជន៍ជាតិរបស់យើង»។ ក្រសួងបានសង្កត់ធ្ងន់ថា អាជ្ញាធរឥណ្ឌា បានភ្ជាប់«សារៈសំខាន់បំផុតក្នុងការការពារ និងលើកកម្ពស់សុខុមាលភាពរបស់កសិករ សហគ្រិន និងសហគ្រាសធុនតូច និងមធ្យមរបស់យើង»។
ទីក្រុងញូវដែលី បានកត់សម្គាល់ពីសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយមេដឹកនាំសហរដ្ឋអាមេរិករូបនេះ ហើយកំពុងសិក្សាពីផលប៉ះពាល់របស់វាចំពោះពាណិជ្ជកម្មទ្វេភាគី។

ក្រសួងបានបន្ថែមថា៖ «ឥណ្ឌា និងសហរដ្ឋអាមេរិក បានចូលរួមក្នុងការចរចាអំពីការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដោយស្មើភាព មានតុល្យភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ យើងនៅតែប្តេជ្ញាចិត្តចំពោះគោលបំណងនោះ»។