ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ (២៩ កក្កដា) ថា លោកទំនងជានឹងអនុញ្ញាតឱ្យជនជាតិអ៊ុយក្រែន ដែលបានភៀសខ្លួនគេចពីប្រតិបត្តិការយោធាពេញលេញរបស់រុស្ស៊ី ឱ្យបន្តរស់នៅក្នុងទឹកដីសហរដ្ឋអាមេរិក រហូតដល់សង្រ្គាមបានបញ្ចប់។

នៅពេលត្រូវសាកសួរដោយអ្នកកាសែតថា តើលោកនឹងអនុញ្ញាតឱ្យជនជាតិអ៊ុយក្រែន ដែលភៀសខ្លួនចេញពីសង្រ្គាមបន្តស្នាក់នៅក្នុងសហរដ្ឋអាមេរិកឬទេ លោក Trump បានឆ្លើយថា "ប្រហែលជានឹងយល់ព្រមលើរឿងនេះ"។ លោកបន្តថា អាមេរិកមានជនភៀសខ្លួនពីអ៊ុយក្រែនច្រើនណាស់ ហើយរដ្ឋបាលកំពុងធ្វើការជាមួយពួកគេ។
ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមទ្រង់ទ្រាយធំក្នុងឆ្នាំ២០២២មក ប្រជាជនអ៊ុយក្រែនប្រហែល ២៤ម៉ឺននាក់ បានចូលទៅសហរដ្ឋអាមេរិក ក្រោមកម្មវិធីរួបរួមគ្នាសម្រាប់អ៊ុយក្រែន (U4U) ដែលជាគំនិតផ្តួចផ្តើមការលើកលែងមនុស្សធម៌ ដាក់ចេញដំបូងដោយលោកអតីតប្រធានាធិបតីអាមេរិក Joe Biden។
កាលពីដើមឆ្នាំនេះ កាសែត Washington Post រាយការណ៍ថា រដ្ឋបាលលោក Trump កំពុងស្វែងរកមធ្យោបាយធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួន ដោយប្រើជំនួយបរទេស ២៥០លានដុល្លារ រួមទាំងជនជាតិអ៊ុយក្រែនប្រហែល ២០ម៉ឺននាក់ផងដែរ។ ជំហរតឹងរ៉ឹងរបស់លោក Trump លើបញ្ហាអន្តោប្រវេសន៍ក្នុងប៉ុន្មានខែមកនេះ បានបង្កើនក្ដីបារម្ភខ្លាំងឡើងក្នុងចំណោមជនជាតិអ៊ុយក្រែន ដែលខ្លាចថាស្ថានភាពស្របច្បាប់របស់ពួកគេអាចត្រូវបានដកហូត ស្របពេលមានការផ្លាស់ប្តូរគោលនយោបាយអាមេរិក៕

