បាល់ទាត់៖ ក្រុមតោខៀវ Chelsea បានបន្តដំណើរឡើងវគ្គផ្តាច់ព្រ័ត្រហើយនៃការប្រកួតពានរង្វាន់ Carabao Cup រឺ EFL Cup ក្រោយយកឈ្នះ Tottenham Hotspur នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ បន្ទាប់ពីនាំមុខ ២គ្រាប់នៅជើងទី១ នៅទឹកដី Stamford Bridge សប្តាហ៍មុន Chelsea ក៏រកបានគ្រាប់នាំមុខសរុប ៣គ្រាប់ដោយគ្រាប់បាល់របស់ខ្សែការពារអាល្លឺម៉ង់ Antonio Rudiger នៅនាទីទី១៨។

ជាយប់ដែលគ្មានសំណាងមួយសំរាប់ Spurs បន្ទាប់ពីឱកាសបាល់ពិន័យ ១១ម៉ែត្រដល់ទៅ ២លើកត្រូវលុបចោលវិញដោយសារ VAR បូករួមទាំងខ្សែប្រយុទ្ធអង់គ្លេស Harry Kane ស៊ុតបញ្ចូលទី ១គ្រាប់តែជំហរក្រៅល្បែងទៅទៀត។ អ្នកចាត់ការ Spurs លោក Antonio Conte ដែលធ្លាប់ដឹកនាំ Chelsea លើកពាន Premier League និង FA Cup នោះបាននិយាយក្រោយចប់ការប្រកួតថា ជាការពិត Spurs បើចង់ឈ្នះពានជាដុំកំភួនគឺទាមទារឱ្យមានការវិនិយោគបន្ថែមទៀត។ ចំណែក Chelsea នៅពេលនេះបានឈានឡើងវគ្គផ្តាច់ព្រ័ត្រ ៣កម្មវិធីជាប់គ្នាក្រោមការដឹកនាំរបស់លោក Thomas Tuchel តាំងពីចូលកាន់តំណែងជំនួស Frank Lampard ឆ្នាំមុន។ Chelsea នឹងត្រូវរង់ចាំជួបជាមួយ Liverpool រឺ Arsenal ដែលមិនទាន់ជួបគ្នាមួយជើងនៅឡើយ ក្រោយការប្រកួតត្រូវបានលើកពេលដោយសារ Covid-19៕
អត្ថបទ៖នាង សុភាវុធ