ទីក្រុងគីវ និងតំបន់ជុំវិញនោះ បានដាក់ដំណើរប្រព័ន្ធប្រកាសអាសន្នការវាយឆ្មក់តាមអាកាសថ្មី ដែលបានធ្វើមូលដ្ឋានីយកម្មដើម្បីកាត់បន្ថយការរំខានយ៉ាងខ្លាំងដល់ជនស៊ីវិល និងអាជីវកម្ម ស្របពេលមានការវាយប្រហារតាមអាកាសកាន់តែខ្លាំងឡើងរបស់រុស្ស៊ី លើអ៊ុយក្រែន ខណៈការដាក់ដំណើរការទ្រង់ទ្រាយធំនៅទូទាំងប្រទេសត្រូវបានរំពឹងទុកនៅចុងឆ្នាំ២០២៥ នេះ។

កាលពីមុន ការគំរាមកំហែងនៃការវាយប្រហាររបស់រុស្ស៊ី បានបង្កឱ្យមានការជូនដំណឹងទូទាំងតំបន់ ឬរដ្ឋធានីទាំងមូលរបស់អ៊ុយក្រែន មានន័យថាសំឡេងរោទ៍ប្រកាសអាសន្នលាន់ឮជាញឹកញាប់នៅពេលដែលការគំរាមកំហែងដូចជាយានដ្រូន ខិតជិតមកដល់។

យោងតាមសមាគមធុរកិច្ចអ៊ឺរ៉ុប (EBA) ក្រុមហ៊ុនចំនួន ៤១% បានរាយការណ៍ពីដែនកំណត់ប្រតិបត្តិការ ដោយសារតែការជូនដំណឹងវាយឆ្មក់តាមអាកាសញឹកញាប់ខ្លាំងពេក ដោយស្ថាប័នខ្លះបាត់បង់រហូតដល់៥០% នៃម៉ោងធ្វើការ។ ដើម្បីដោះស្រាយបញ្ហានេះ អ៊ុយក្រែនសាកល្បងធ្វើមូលដ្ឋានីយកម្មគំរូប្រព័ន្ធជូនដំណឹងបន្ថែមទៀត ហើយប្រព័ន្ធថ្មីត្រូវសាកល្បងជាលើកដំបូងនៅតំបន់ Kherson ភាគខាងត្បូង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ជាមួយនឹងលទ្ធផលវិជ្ជមាន។

តាំងពីពេលនោះមក ប្រព័ន្ធនេះបានពង្រីកបណ្តើរៗទៅកាន់តំបន់ Cherkasy, Kharkiv, Dnipropetrovsk ហើយថ្មីៗនេះប្រើប្រាស់នៅតំបន់រដ្ឋធានីគីវ កាលថ្ងៃទី២៤ ខែកក្កដា។ ប្រព័ន្ធនេះស្ថិតក្នុងការសាកល្បងនៅឡើយ ហើយការដាក់ឱ្យដំណើរការទូទាំងប្រទេស ត្រូវរំពឹងទុកនៅចុងឆ្នាំ២០២៥ នេះបើយោងតាមតំណាងនៃនាយកដ្ឋានការពារជនស៊ីវិលអ៊ុយក្រែន៕