ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (៣០ កក្កដា) បានបន្តរក្សាអត្រាអត្រាការប្រាក់ឱ្យនៅដដែលមិនផ្លាស់ប្តូរឡើយចន្លោះពី ៤,២៥% ទៅ ៤,៥% ជាលើកទី៥ជាប់ៗគ្នាមកហើយ បើទោះបីជាខ្លួនកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងឱ្យបន្ទាបតួលេខនេះ និងការរិះគន់យ៉ាងចាស់ដៃពីរដ្ឋបាលលោកប្រធានាធិបតី Donald Trump ក៏ដោយ។

ប្រធានធនាគារកណ្តាល លោក Jerome Powell បាននិយាយថា ធនាគារកំពុងផ្តោតលើការគ្រប់គ្រងអតិផរណា ហើយថា ហានិភ័យសម្ពាធតម្លៃពីគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋបាល និងបញ្ហាផ្សេងទៀត នៅតែខ្ពស់ខ្លាំងពេក មិនអាចឱ្យធនាគារកណ្តាលបន្ធូរបន្ថយអត្រាការប្រាក់បាន រហូតដល់ព័ត៌មានបន្ថែមត្រូវបានប្រមូល។
អាមេរិក នឹងមានពេល ២ខែពេញ ខាងមុខទៀតសម្រាប់ប្រមូលទិន្នន័យសេដ្ឋកិច្ច មុនពេលកិច្ចប្រជុំជាថ្មីថ្ងៃទី១៦-១៧ ខែកញ្ញារបស់ធនាគារកណ្ដាល ដោយលោក Powell និយាយថា ធនាគារកណ្តាលមិនទាន់អាចឱ្យតម្រុយបានទេលើលទ្ធភាពបន្ទាបអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំបន្ទាប់នេះ។
ការសម្រេចចិត្តលើគោលនយោបាយចុងក្រោយបំផុតនេះ ត្រូវបានធ្វើឡើងដោយការបោះឆ្នោត ៩ ទល់នឹង២ ក្នុងអ្វីដែលជាលទ្ធផលឆ្លងផុតទាំងបែកបាក់ នៅធនាគារកណ្តាលដែលធ្លាប់តែមានភាពឯកច្ឆន្ទជាប់រហូត ខណៈទេសាភិបាល ២រូបសម្ដែងការជំទាស់ជាលើកដំបូងក្នុងពេលជាង ៣០ឆ្នាំមកនេះ៕

