អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang កាលពីថ្ងៃពុធ (៣០ កក្កដា) បានអំពាវនាវឱ្យបណ្ដាប្រទេសពាក់ព័ន្ធ អនុវត្តនូវការប្រុងប្រយ័ត្នបំផុតក្នុងការដោះស្រាយបញ្ហាទាក់ទងតំបន់តៃវ៉ាន់ របស់ចិន។ ការលើកឡើងនេះឆ្លើយតបនឹងសំណួរពីរបាយការណ៍ថ្មីៗ ដែលថាសហរដ្ឋអាមេរិក បានបដិសេធមិនអនុញ្ញាតឱ្យមេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ធ្វើដំណើរឆ្លងកាត់ទីក្រុងញូវយ៉ក ក្នុងគម្រោងទស្សនកិច្ចនៅអាមេរិកឡាទីន។
លោក Zhang បាននិយាយថា ចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសណាមួយ ដែលចូលរួមក្នុងអន្តរកម្មជាផ្លូវការក្នុងទម្រង់ណាក៏ដោយជាមួយតំបន់តៃវ៉ាន់ របស់ចិន។ អ្នកនាំពាក្យរូបនេះលើកឡើងថា៖ ទីក្រុងប៉េកាំង ជំរុញឱ្យសហរដ្ឋអាមេរិក ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបីចិន-អាមេរិក ដោះស្រាយបញ្ហាទាក់ទងនឹងកោះតៃវ៉ាន់ ដោយប្រយ័ត្នប្រយែងបំផុត។

ខណៈពេលអត្ថាធិប្បាយលើរបាយការណ៍ដែលថាភាគីអាមេរិកបានបញ្ជូនមន្ត្រីយោធាសកម្ម និងចូលនិវត្តន៍មួយចំនួនជាអ្នកសង្កេតការណ៍ទៅសមយុទ្ធ "ហានក្វាង ៤១" (Han Kuang 41) នៅតៃវ៉ាន់ លោក Zhang បានសង្កត់ធ្ងន់ថា បញ្ហាកោះតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ហើយពុំអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីបរទេសឡើយ។
លោកក៏បញ្ជាក់ឡើងវិញពីការប្រឆាំងដាច់ខាតរបស់ចិន លើរាល់ទម្រង់នៃការឃុបឃិតផ្នែកយោធារវាង អាមេរិក និងតំបន់តៃវ៉ាន់។ អ្នកនាំពាក្យរូបនេះក៏ព្រមានអាជ្ញាធរបក្សប្រជាធិបតេយ្យជឿលឿន DPP របស់កោះតៃវ៉ាន់ថា រាល់ការប៉ុនប៉ងស្វែងរកការគាំទ្រពីអាមេរិក សម្រាប់ "ឯករាជ្យភាពតៃវ៉ាន់" និងតតាំងនឹងការបង្រួបបង្រួមដោយកម្លាំង នឹងត្រូវបរាជ័យជាដរាប៕

