អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា កុមារប្រមាណ ៨០.០០០នាក់ មានហានិភ័យខ្ពស់នៃជំងឺអាសន្នរោគ ខណៈរដូវវស្សាចាប់ផ្តើមនៅទូទាំងប្រទេសអាហ្វ្រិកខាងលិច និងកណ្តាល។ លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការផ្ទុះឡើងជំងឺយ៉ាងសកម្មនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសនីហ្សេរីយ៉ា បង្កើនការគំរាមកំហែងនៃការចម្លងជំងឺឆ្លងព្រំដែនទៅកាន់ប្រទេសជិតខាង។

លោក Haq បានដកស្រង់សម្តីរបស់អង្គការយូនីសេហ្វដែលបាននិយាយថា ប្រទេសឆាដ សាធារណរដ្ឋកុងហ្គោ ហ្គាណា កូតឌីវ័រ និងប្រទេសតូហ្គោ ក៏កំពុងប្រឈមនឹងជំងឺរាតត្បាតដែលកំពុងបន្តនេះដែរ ។ លោកបាននិយាយបន្ថែមថា ប្រទេសនីហ្សេរីយ៉ា លីបេរីយ៉ា បេនីន សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងប្រទេសកាមេរូន នៅតែស្ថិតក្រោមការតាមដាន ដោយសារតែភាពងាយរងគ្រោះ។
អ្នកនាំពាក្យរូបនេះបាននិយាយថា ចាប់តាំងពីការចាប់ផ្តើមផ្ទុះឡើងជំងឺនេះ អង្គការយូនីសេហ្វ បាននិងកំពុងផ្តល់ការផ្គត់ផ្គង់ខាងសុខភាព ទឹក អនាម័យ និងការធ្វើអនាម័យដល់កន្លែងព្យាបាល និងសហគមន៍។ លោកនិយាយបន្តថា ក្រៅពីគាំទ្រដល់ការចាក់វ៉ាក់សាំងជំងឺអាសន្នរោគនៅតំបន់ដែលរងផលប៉ះពាល់ យើងបានលើកទឹកចិត្តដល់គ្រួសារជាច្រើនឱ្យស្វែងរកការព្យាបាលនិងធ្វើឲ្យប្រសើរការអនុវត្តអនាម័យ ដើម្បីទប់ស្កាត់ការរាលដាលបន្ថែមទៀត និងទប់ស្កាត់ជំងឺនេះនៅទូទាំងតំបន់។
