ការព្រមានអំពីរលកយក្សស៊ូណាមិ ត្រូវបានដកចេញហើយ នៅទូទាំងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃពុធ (ទី៣០ ខែកក្កដា) ជាការប្រកាសដែលអនុញ្ញាតឲ្យអ្នកជម្លៀសខ្លួនបណ្ដោះអាសន្នរាប់លាននាក់វិលត្រលប់ទៅកាន់ផ្ទះសម្បែងវិញ។
គួរបញ្ជាក់ថា បន្ទាប់ពីរញ្ជួយដីដ៏ខ្លាំងបំផុតមួយមិនធ្លាប់មានពីមុន បានវាយប្រហារតំបន់ចុងបូព៌ាដែលមានប្រជាជនតិចតួចរស់នៅរបស់ប្រទេសរុស្ស៊ី មិនតិចជាង ១២ប្រទេស រាប់ចាប់ពីជប៉ុន ទៅកាន់សហរដ្ឋអាមេរិក រហូតដល់អេក្វាឌ័រ បានហាមពលរដ្ឋកុំឲ្យទៅជិតតំបន់ឆ្នេរ។

រលកទឹកសមុទ្រកម្ពស់រហូតដល់ ៤ម៉ែត្រ ត្រូវបានព្យាករមាននៅផ្នែកខ្លះនៃមហាសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៨,៨រ៉ិចទ័រ បានវាយប្រហារឧបទ្វីប Kamchatka របស់រុស្ស៊ី។
រលកយក្សស៊ូណាមិបានបង្កការរំខានគ្រប់ទិសទី។ ប្រទេសប៉េរូបានបិទកំពង់ផែចំនួន ៦៥ ក្នុងចំណោមកំពង់ផែប៉ាស៊ីហ្វិក ១២១ របស់ខ្លួន ហើយអាជ្ញាធរនៅកោះ Maui បានលុបចោលជើងហោះហើរទៅ និងមក សម្រាប់កោះហាវ៉ៃរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែការភ័យខ្លាចពីគ្រោះមហន្តរាយ មិនបានកើតឡើងនោះទេ ដោយពីប្រទេសមួយទៅប្រទេសមួយ បានលុបចោល ឬបន្ទាបការព្រមាន ហើយប្រាប់អ្នករស់នៅតាមតំបន់ឆ្នេរថា ពួកគេអាចវិលត្រលប់ទៅវិញបាន។
នៅប្រទេសជប៉ុន មនុស្សជិត ២លាននាក់ត្រូវបានបញ្ជាឲ្យឡើងទីទួលខ្ពស់ មុនពេលការព្រមានត្រូវបានទម្លាក់មកត្រឹមតែជាការឲ្យប្រុងប្រយ័ត្ន សម្រាប់តំបន់លាតសន្ធឹងដ៏ធំនៃឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិករបស់ខ្លួន ខណៈរលកកម្ពស់រហូតដល់ ០,៧ម៉ែត្រ នៅតែត្រូវបានឃើញ នាថ្ងៃព្រហស្បតិ៍ (ទី៣១ ខែកក្កដា) នេះ៕

