សំណើចំនួន២ ដែលនឹងរាំងខ្ទប់ការលក់អាវុធទៅឲ្យអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការស្លាប់ និងរបួសរបស់ជនស៊ីវិលនៅតំបន់ហ្កាហ្សានោះ ត្រូវបានរារាំងនៅក្នុងព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃពុធ (ទី៣០ ខែកក្កដា) ទោះបីជាកិច្ចប្រឹងប្រែងនោះទទួលបានការគាំទ្រច្រើនជាងវិធានការស្រដៀងគ្នា កាលពីដើមឆ្នាំ២០២៥ ក៏ដោយ។

សំណើទាំង២ ត្រូវបានលើកឡើងដោយព្រឹទ្ធសមាជិក លោក Bernie Sanders ដែលជាបេក្ខជនឯករាជ្យរដ្ឋ Vermont មាននិន្នាកាគាំទ្របក្សប្រជាធិបតេយ្យ។ សំណើទាំងនេះត្រូវបានច្រានចោលដោយសំឡេង ៧៣ទល់នឹង ២៤ និង ៧០ ទល់នឹង ២៧ នៅក្នុងព្រឹទ្ធសភាដែលមានសមាជិក ១០០រូប អំឡុងការបោះឆ្នោតកាលពីយប់ថ្ងៃទី៣០ ខែកក្កដា។ វិធានការស្រដៀងគ្នានេះ ដែលក៏ត្រូវបានលើកឡើងដោយលោក Sanders ផងដែរនោះ ត្រូវបានបដិសេធដោយសំឡេង ៨២-១៥ និង ៨៣-១៥ កាលពីខែមេសា។
ការគាំទ្រដ៏រឹងមាំជាប្រពៃណីយូររាប់ទស្សវត្សរ៍របស់គណបក្សធំៗទាំង២ ចំពោះអ៊ីស្រាអែល នៅក្នុងសភាអាមេរិក មានន័យថា សំណើដើម្បីបញ្ឈប់ការលក់អាវុធ ទំនងជាមិនទទួលបានការអនុម័តនោះឡើយ ប៉ុន្តែអ្នកគាំទ្រកិច្ចប្រឹងប្រែងនេះសង្ឃឹមថា ការលើកឡើងបញ្ហានេះនឹងជំរុញឲ្យរដ្ឋាភិបាលអ៊ីស្រាអែល និងរដ្ឋបាលសហរដ្ឋអាមេរិកធ្វើការបន្ថែមទៀត ដើម្បីការពារជនស៊ីវិល។
ការស្នើនេះនឹងរារាំងការលក់គ្រាប់បែកតម្លៃ ៦៧៥លានដុល្លារអាមេរិក និងការដឹកជញ្ជូនកាំភ្លើងវែង ២០.០០០ដើម៕
