ប្រទេសស៊ុយអែត នៅថ្ងៃព្រហស្បតិ៍ (ទី៣១ ខែកក្កដា) នេះ បានអំពាវនាវឲ្យសហភាពអឺរ៉ុប (EU) ផ្អាកផ្នែកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ខ្លួនជាមួយអ៊ីស្រាអែល ពាក់ព័ន្ធនឹងការប្រព្រឹត្តសង្គ្រាមរបស់ប្រទេសនេះ នៅតំបន់ហ្កាហ្សា។

តាមរយៈការបង្ហោះសារ នៅបណ្ដាញសង្គម X នាយករដ្ឋមន្ត្រី លោក Ulf Kristersson បានលើកឡើងថា៖ «ស្ថានភាព នៅតំបន់ហ្កាហ្សា គឺគួរឲ្យតក់ស្លុតណាស់ ហើយប្រទេសអ៊ីស្រាអែល កំពុងមិនអាចបំពេញតាមកាតព្វកិច្ចមូលដ្ឋានសំខាន់បំផុត និងកិច្ចព្រមព្រៀង ស្ដីពីការផ្ដល់ជំនួយបន្ទាន់»។
លោក Kristersson បានបន្តថា៖ «ហេតុដូច្នេះ ស៊ុយអែតទាមទារឲ្យ EU ផ្អាកផ្នែកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ ហើយជាមួយគ្នានេះ លោកបានអំពាវនាវឲ្យរដ្ឋាភិបាលអ៊ីស្រាអែលព្រមអនុញ្ញាតឲ្យ «ជំនួយមនុស្សធម៌ហូរចូលទៅតំបន់ហ្កាហ្សាដោយមិនមានការរារាំង»។
កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ EU ជាមួយអ៊ីស្រាអែល គឺជាក្របខ័ណ្ឌ សម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម និងនយោបាយ។ បើយោងតាមទិន្នន័យរបស់ EU បានបង្ហាញថា ប្លុកនេះគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អ៊ីស្រាអែល ដោយមានកម្រិតស្មើជិត ១ភាគ៣ នៃពាណិជ្ជកម្មសកលរបស់អ៊ីស្រាអែល។
ការប្រកាសរបស់លោក Kristersson កើតឡើង ២ថ្ងៃបន្ទាប់ពីមានគោលជំហរស្រដៀងគ្នានេះរបស់ប្រទេសហូឡង់៕

