ភ្នំពេញ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ តាមរយៈបេសកជនពិសេសរបស់ខ្លួន បានសម្ដែងនូវការសាទរ និងរីករាយចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានដើរតួនាទីក្នុងស្មារតីជាបន្ទាន់ ចូលរួមជួយសម្របសម្រួលដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។
ក្នុងជំនួបតាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី១៣មករា រវាងសម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោកជំទាវបណ្ឌិត ណូលីន ហេយហ្សឺ(Noeleen Hayzer) បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ានេះ បើតាមឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា៖ លោកជំទាវ បណ្ឌិត ណូលីន ហេយហ្សឺ និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានជួបគ្នាម្ដងរួចមកហើយកាលពីឆ្នាំ២០១២ ពេលនោះលោកជំទាវបានមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងក្របខ័ណ្ឌអង្គការ«អេស្កេប» ហើយពេលនេះ គឺជួបក្នុងក្របខណ្ឌកិច្ចសហការរវាងអាស៊ាន និង អង្គការសហប្រជាជាតិ ដោយសារឆ្នាំនេះកម្ពុជាជាប្រធានអាស៊ាន ហើយលោកជំទាវជាបេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។លោកជំទាវក៏បានសាទរចំពោះសម្តេចតេជោ ដែលបានដើរតួរនាទីក្នុងស្មារតីជាបន្ទាន់ជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ។
ឯកឧត្តម បានឱ្យដឹងដែរថា៖ សម្ដេចតេជោក៏បានអរគុណលោកជំទាវបណ្ឌិត ណូលីន ហេយហ្សឺ ដែលកន្លងមកបានធ្វើការជាមួយគ្នា, ហើយលើកនេះ ជាមួយនឹងការសាទរចំពោះលោកជំទាវដែលត្រូវបានតែងតាំងឱ្យដើរតួនាទីជាបេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្ដីពីមីយ៉ាន់ម៉ា សម្ដេចក៏មានប្រសាសន៍ថា ដំណើរទស្សនកិច្ចការងាររបស់សម្ដេចទៅមីយ៉ាន់ម៉ាកន្លងទៅនេះ ការងារសំខាន់គឺមិនចេញឆ្ងាយពីធម្មនុញ្ញអាស៊ាន និងកុងសុងស៊ីស៥ចំណុច ដែលអាស៊ានបានឯកភាពគ្នាជាឯកច្ឆន្ទរួចហើយនោះទេ។
សម្ដេច បានគូសបញ្ជាក់ថា ថ្វីត្បិតឆ្នាំ២០២១ ការងាររបស់អាស៊ានមិនបានដើរដោយរលូន ដូច្នេះបញ្ហានៅសល់មកដល់នៅឆ្នាំ២០២២ កម្ពុជាធ្វើជាប្រធានអាស៊ានគោលដៅសំខាន់របស់សម្ដេចគឺទៅកាន់មីយ៉ាន់ម៉ា ដើម្បីរកមធ្យោបាយបញ្ឈប់ហិង្សា និងបទឈប់បាញ់។
សម្តេចថា យើងមិនអាចនៅជាប់គាំងក្នុងស្ថានភាពបែបនេះបានទេ គឺត្រូវរកមធ្យោបាយ ដើម្បីទម្លុះទម្លាយស្ថានភាពដែលជាប់គាំង ដោយត្រូវជំរុញការចរចា ជាពិសេសផ្ទៃក្នុងអាស៊ាន គឺត្រូវតែធ្វើការជាមួយគ្នាដើម្បីឲ្យមានការឯកភាព។
សម្ដេចនៅតែគូសបញ្ជាក់ អំពីការងារពីរជាអាទិភាព ក្នុងចំណោមកុងសុងស៊ីស៥ចំណុច ,ទី១.គឺផ្តោតជាសំខាន់ទៅលើបទឈប់បាញ់ និងបញ្ឈប់ហិង្សា, និងទី២.ការផ្ដល់ជំនួយមនុស្សធម៌ចូលទៅប្រទេសមីយ៉ាន់ម៉ាដោយគ្មានការរើសរើងសម្រាប់អ្នកដែលត្រូវការជំនួយ។
សម្តេច បានគូសបញ្ជាក់ថា អ្វីដែលសំខាន់គឺយើងត្រូវតែធ្វើការជាមួយគ្នាដែលមិនមែនតែអាស៊ានទេគឺពីគ្រប់ភាគីពាក់ព័ន្ធរួមទាំងអង្គការសហប្រជាជាតិតែម្តង។
សម្ដេចបន្តថា នឹងធ្វើយ៉ាងណាជំរុញឲ្យមានអាស៊ានមាន«ត្រូយកា»ដែលមានកម្ពុជាជាប្រធានអាស៊ានបច្ចុប្បន្ន, អតីតប្រទេសប្រុយណេប្រធានអាស៊ាន និងអនាគតប្រទេសឥណ្ឌូនេស៊ី ជាប្រធានអាស៊ានបូកនឹងអគ្គលេខាធិការអាស៊ាន ដើម្បីជំរុញការងារសម្របសម្រួលការងារ អំពីបទឈប់បាញ់ និងការងារមនុស្សធម៌ដែលជាការងារអាទិភាព។
សម្ដេច បានមានប្រសាសន៍បន្តថា តួនាទីទាំងនេះ ប្រេសិតពិសេស របស់ប្រធានអាស៊ាន,អគ្គលេខាធិការអាស៊ាន និង មជ្ឈមណ្ឌលអាហារ រួមទាំងការសម្របសម្រួលគ្រប់ភាគីនៅមីយ៉ាន់ម៉ារួមទាំងពីភាគីអង្គការសហប្រជាជាតិធ្វើការជាមួយគ្នា ជាពិសេសក្នុងការិយាល័យណាមួយរបស់អង្គការសហប្រជាជាតិដែលលោកជំទាវអាចចូលរួមចំណែកបាន។
លើសពីនេះទៀតសម្ដេចតេជោនិងលោកជំទាវមានការឯកភាពគ្នាត្រូវតែមានការងារបន្ទាន់ ជាពិសេសបញ្ឈប់នឹងបទឈប់បាញ់។ លោកជំទាវបានជាអរគុណថ្មីចំពោះសម្តេចតេជោដែលបាននិងកំពុងធ្វើនេះព្រោះ អង្គការសហប្រជាជាតិបានមើលឃើញតួនាទីដ៏សំខាន់របស់អង្គការតំបន់ដូចជាអាស៊ានជាដើមនេះហើយជំទាវបានប្ដេជ្ញាថា នឹងធ្វើការងារជាមួយអាស៊ាន និងប្រធានអាស៊ាន ជាពិសេសធ្វើយ៉ាងណាកុំឲ្យស្ថានភាពនៅមីយ៉ាន់ម៉ាធ្លាក់ចុះជាងបច្ចុប្បន្ន ជាពិសេសលោកជំទាវនៅតែគិតថាតួនាទីប្រធានអាស៊ាននិងភាគីពាក់ព័ន្ធនឹងខិតខំជំរុញការអភិវឌ្ឍនៅកុងសង់ស៊ីស៥ចំណុច ហើយលោកជំទាវក៏មានប្រសាសន៍ថា យើងត្រូវតែជំរុញធ្វើយ៉ាងណាឱ្យនៅពេលខាងមុខអាស៊ាននិងអង្គការសហប្រជាជាតិនៅធ្វើការជាមួយគ្នាបានជិតស្និទ្ធ។
ជាចុងក្រោយសម្ដេចតេជោ បានស្នើឲ្យលោកជំទាវធ្វើការងារផ្ទាល់ជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ាន គឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីធ្វើការសម្របសម្រួលនិងសហការជាមួយអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា៕អត្ថបទ៖ មុត សុទ្ធ