រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី៣១ ខែកក្កដា) នេះថា អ៊ីស្រាអែលកាន់តែឯកោផ្នែកការទូតខ្លាំងឡើងៗ ដោយសារវិបត្តិមនុស្សធម៌ នៅតំបន់ហ្កហ្សា និងការជំរុញពីប្រទេសមួយចំនួនឲ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយមុនធ្វើដំណើរទៅប្រទេសអ៊ីស្រាអែល លោក Johann Wadephul បានលើកឡើងថា សន្និសីទអង្គការសហប្រជាជាតិ (UN) នាពេលថ្មីៗនេះ ស្តីពីដំណោះស្រាយរដ្ឋ២ សម្រាប់ជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលត្រូវបានធ្វើពហិការដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបង្ហាញថា «អ៊ីស្រាអែលកំពុងមើលឃើញការគាំទ្រកាន់តែតិចទៅៗ»។
អាល្លឺម៉ង់ គឺជាសម្ព័ន្ធមិត្តការទូតដ៏រឹងមាំបំផុតមួយរបស់អ៊ីស្រាអែល ប៉ុន្តែលោក Wadephul បានកត់សម្គាល់ថា «ដោយមើលឃើញពីការគំរាមកំហែងបើកចំហនៃការបញ្ចូលជាដែនដីឧបសម្ព័ន្ធដោយមន្ត្រីខ្លះ ក្នុងរដ្ឋាភិបាលអ៊ីស្រាអែល បណ្តាប្រទេសអឺរ៉ុបដែលមានចំនួនច្រើនឡើង បានត្រៀមខ្លួនទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយគ្មានការពិភាក្សាមុន»។
កាលពីសប្តាហ៍មុន សមាជិកសភាអ៊ីស្រាអែលជាង ៧០នាក់ ក្នុងនោះរួមទាំងមួយចំនួននៅក្នុងក្រុមចម្រុះស្តាំនិយមរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ផងដែរ បានអនុម័តញត្តិមួយជំរុញឲ្យរដ្ឋាភិបាលដាក់អធិបតេយ្យភាពលើតំបន់កាន់កាប់ West Bank។
លោក Wadephul បានលើកឡើងម្តងទៀតនូវជំហររបស់ទីក្រុងប៊ែរឡាំងថា «ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គួរតែកើតមាននៅចុងបញ្ចប់នៃដំណើរការ» នៃការចរចា។ តែយ៉ាងណាក្ដី លោកបានដំឡើងសំឡេងរបស់លោកខ្លាំងជាងមុនបន្តិច ដោយទទូចថា «ដំណើរការនេះត្រូវតែចាប់ផ្តើមឥឡូវនេះ» ហើយថា «ប្រទេសអាល្លឺម៉ង់ក៏នឹងត្រូវបង្ខំមានប្រតិកម្ម ចំពោះចំណាត់ការឯកតោភាគីផងដែរ»៕