ប្រជាពលរដ្ឋរស់នៅទីក្រុងភាគនិរតី Chongqing ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ បានស្វែងរកទីកន្លែងត្រជាក់នៅតាមស្ថានីយរថភ្លើងក្រោមដី ស្របពេលដែលសីតុណ្ហភាពកើនឡើងរហូតដល់ ៤១,៥អង្សាសេ បង្ខំឲ្យក្រុមអាជ្ញាធរ ចេញប្រកាសអាសន្នកម្រិតពណ៌ក្រហមសម្រាប់កម្តៅធ្ងន់ធ្ងរ ។
នៅស្ថានីយរថភ្លើងក្រោមដី Hongyancun ប្រជាពលរដ្ឋនាំគ្នាជួបជុំគ្នា ដើម្បីគេចចេញពីស្ថានភាពអាកាសធាតុក្តៅខ្លាំង ជជែកគ្នាលេងនៅតាមទីកន្លែងដែលមានម៉ាស៊ីនត្រជាក់ ។
អ្នកស្រី Liu Fengying ដែលបានធ្វើដំណើររយៈពេល ៣០នាទី ទើបមកដល់ស្ថានីយរថភ្លើងក្រោមដី និយាយថា ទីនេះត្រជាក់ខ្លាំងណាស់ ពិតជាត្រជាក់មែន ។ ប្រជាពលរដ្ឋដែលស្គាល់កន្លែងនេះ ពួកគេទាំងអស់ បានធ្វើដំណើរមកកាន់ទីនេះ ដើម្បីស្វែងរកទីកន្លែងត្រជាក់ ។
ក្រុមភ្ញៀវទេសចរត្រូវបានគេមើលឃើញរកកន្លែងត្រជាក់ផងដែរនៅតាមទីកន្លែងបាញ់ទឹក ឬជ្រកក្រោមដំបូលឫស្សី ។
លោក Kang Yujian គឺជាភ្ញៀវទេសចរក្នុងស្រុកមួយរូប និយាយថា នៅទីក្រុង Chongqing ពេលដែលលោកចេញពីសណ្ឋាគារ លោកបែកញើសជោកតែម្តង ពួកយើងមិនអាចសម្រាកបានទេនៅពេលយប់ បើសិនជាគ្មានម៉ាស៊ីនត្រជាក់ទេនោះ ៕