កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា យន្តហោះចម្បាំង F-35 បានធ្លាក់នៅជិតស្ថានីយ៍អាកាសកងទ័ពជើងទឹក NAS Lemoore ស្ថិតនៅភាគកណ្តាលរដ្ឋ California ខណៈអ្នកបើកបររលាស់ខ្លួនដោយសុវត្ថិភាព ។
NAS Lemoore និយាយក្នុងសេចក្តីថ្លែងការណ៍ថា អ្នកបើកបររលាស់ខ្លួនដោយជោគជ័យ និងមានសុវត្ថិភាព ។ គ្មានបុគ្គលិកប៉ះពាល់បន្ថែមទៀតនោះទេ ។
សេចក្តីថ្លែងការណ៍បន្តថា ចំណែកឯរឿងរ៉ាវលម្អិតជុំវិញការធ្លាក់យន្តហោះចម្បាំងនេះ ពុំត្រូវបានផ្តល់ជូននោះទេ ស្របពេលដែលមូលហេតុនៃការធ្លាក់ កំពុងស្ថិតក្រោមការស៊ើបអង្កេត ។
ក្រុមហ៊ុនជាប់កិច្ចសន្យាការពារជាតិសហរដ្ឋអាមេរិក Lockheed Martin ដែលជាក្រុមហ៊ុនផលិតយន្តហោះចម្បាំង F-35 ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើសុំសេចក្តីអត្ថាធិប្បាយនៅក្រៅម៉ោងធុរកិច្ច ៕