នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បានជួបពិភាក្សាការងារជាមួយសមភាគីស៊ីរីលោក Asaad al-Shibani នៅទីក្រុងម៉ូស្គូ ។
នៅក្នុងសន្និសីទសារព័ត៌មាន លោក Lavrovនិយាយថា ទីក្រុងម៉ូស្គូ និងទីក្រុងដាម៉ាស បានឯកភាពគ្នា ត្រួតពិនិត្យមើលកិច្ចព្រមព្រៀងទាំងអស់ដែលប្រទេសទាំង ២មាន ។
លោក Lavrov បន្តថា ពួកយើងបានសម្រេចចិត្តថា ដំណើរការនេះត្រូវផ្អែកលើមូលដ្ឋានទៀងទាត់ រួមទាំងបញ្ហាសន្តិសុខ ការបណ្តុះបណ្តាលបុគ្គលិកទាំងជនស៊ីវិល និងយោធា ផលប្រយោជន៍សហការីស៊ីរីទាំងអស់ ហើយពួកយើងនឹងធ្វើការលើបញ្ហាទាំងនោះ ។
លោកនិយាយទៀតថា លោកសង្ឃឹមថា ប្រធានាធិបតីស៊ីរីលោក Ahmed al-Sharaa នឹងចូលរួមកិច្ចប្រជុំរវាងរុស្ស៊ី និងបណ្តាប្រទេសអារ៉ាប់ នៅទីក្រុងម៉ូស្គូនាខែតុលាខាងមុខនេះ ។
ដោយឡែក លោក Al-Shibani និយាយថា ទីក្រុងដាម៉ាសចង់បានការគាំទ្ររបស់ទីក្រុងម៉ូស្គូ ក្នុងការកសាងប្រទេសស៊ីរីរួបរួម ។
លោក Sharaa បានឡើងកាន់អំណាចកាលពីខែធ្នូ ឆ្នាំមុន ក្រោយពេលកងកម្លាំងរបស់លោក បានផ្តួលរំលំសម្ព័ន្ធមិត្តយូរអង្វែងរបស់រុស្ស៊ីគឺលោក Bashar al-Assad ៕