តុលាការកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ (ទី៣១ ខែកក្កដា) នេះ បានចេញដីកាចាប់ខ្លួនថ្មី សម្រាប់អតីតប្រធានាធិបតី លោក Yoon Suk Yeol ដោយអនុញ្ញាតឲ្យរដ្ឋអាជ្ញានាំខ្លួនលោកទាំងបង្ខំទៅសាកសួរ បន្ទាប់ពីរូបលោកបានបដិសេធមិនចូលខ្លួនតាមការកោះហៅជាច្រើនដង។
ក្រុមអ្នកច្បាប់ពិសេសដែលកំពុងស៊ើបអង្កេតលោក Yoon និងភរិយារបស់លោក គឺអតីតស្ត្រីទី១ លោកស្រី Kim Keon Hee បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដីកាចាប់ខ្លួនត្រូវបានចេញនៅថ្ងៃនេះ សម្រាប់អតីតប្រធានាធិបតី លោក Yoon Suk Yeol»។
លោក Yoon បានរុញឲ្យប្រទេសកូរ៉េខាងត្បូងធា្លក់ចូលទៅក្នុងវិបត្តិនយោបាយ នៅពេលដែលលោកបានស្វែងរកការលុបចោលនូវការគ្រប់គ្រងស៊ីវិល កាលពីថ្ងៃទី៣ ខែធ្នូឆ្នាំមុន ដោយបានបញ្ជូនកងទ័ពទៅកាន់សភា ក្នុងគោលបំណងរារាំងសមាជិកសភាកុំឲ្យបោះឆ្នោតទម្លាក់ការប្រកាសច្បាប់អាជ្ញាសឹករបស់លោក។
លោកបានក្លាយជាប្រធានាធិបតីក្នុងតំណែងដំបូងគេរបស់ប្រទេសដែលត្រូវបានចាប់ខ្លួន នៅពេលត្រូវបានឃុំខ្លួន ក្នុងខែមករា បន្ទាប់ពីមិនព្រមឲ្យចាប់ខ្លួនជាច្រើនសប្តាហ៍។ យ៉ាងណាក្ដី លោកត្រូវបានដោះលែងដោយសារនីតិវិធីច្បាប់ កាលពីខែមីនា ខណៈដែលការជំនុំជម្រះសំណុំរឿងបះបោររបស់លោកនៅតែបន្តប្រព្រឹត្តទៅ ប៉ុន្តែត្រូវបានឃុំខ្លួនម្តងទៀតនៅដើមខែកក្កដា ដោយសារបារម្ភថាលោកអាចនឹងបំផ្លាញភស្តុតាងទាក់ទងនឹងករណីនេះ។
រដ្ឋអាជ្ញាដែលកំពុងស៊ើបអង្កេតលើការចោទប្រកាន់ អំពីការរំខានការបោះឆ្នោតសភានោះ បានកោះហៅលោក Yoon ទៅសាកសួរ ប៉ុន្តែលោកមិនបានចូលខ្លួនឡើយ ដោយមេធាវីរបស់លោកបានលើកឡើងពីបញ្ហាសុខភាព។ នៅថ្ងៃទី៣០ ខែកក្កដា ក្រុមនេះបានដាក់សំណើបន្តសុំដីកាឃុំខ្លួន។ ឥឡូវនេះ ដីកាត្រូវបានចេញហើយ រដ្ឋអាជ្ញាមានសិទ្ធចូលទៅក្នុងកន្លែងឃុំឃាំងបច្ចុប្បន្នរបស់លោក Yoon និងជំរុញឲ្យលោកបង្ហាញខ្លួន សម្រាប់ដំណើរការសាកសួរ៕