បាល់ទាត់៖ ក្រុមជើងឯកអ៊ីតាលី Serie A រដូវកាលមុន Inter Milan បានគ្រងជើងឯកការប្រកួតពានរង្វាន់អ៊ីតាលី Super Cup ជាលើកដំបូងរាប់ពីឆ្នាំ២០១០ ក្រោយយកឈ្នះសេះបង្កង់ Juventus នៅម៉ោងបន្ថែមកាត់សេចក្តី។ Juventus ដែលមានមុខនៅអ៊ីតាលី Super Cup នេះ ១០រដូវកាលជាប់គ្នានោះជាអ្នកបើកការនាំមុខមុនដោយ Weston McKennie នៅនាទីទី២៥ មុនពេលដែល Lautaro Martinez តាមស្មើវិញនៅនាទីទី៣៥ ដោយបាល់ពិន័យ ១១ម៉ែត្រ។
ការប្រកួតអូសដំណើរស្មើគ្នារហូតដល់ចប់ ៩០នាទី និងបន្ថែមម៉ោងកាត់សេចក្តី ១៥នាទីពីរដងទៀត។ ហៀបនឹងចប់ទៅហើយពោលគឺនាទីទី១២១ ទៅហើយនោះខ្សែប្រយុទ្ធឈីលី Alexis Sanchez ដែលជាកីឡាករបម្រុងផ្លាស់ប្តូរចូលនោះគឺជាអ្នកសំរេចគ្រាប់បាល់ជ័យជំនះឱ្យ Inter Milan។ នេះជាពានអ៊ីតាលី Super Cup លើកទី ៦ សំរាប់ Inter Milan និងជាពានដំបូងក្រោមការដឹកនាំរបស់លោក Simone Inzaghi តាំងពីទទួលតំណែងបន្តពីលោក Antonio Conte រដូវកាលមុន៕
អត្ថបទ៖នាង សុភាវុធ