ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ពីទីក្រុង Salt Lake (អាមេរិក) ទៅកាន់ទីក្រុង Amsterdam (ហូឡង់) បានជួបប្រទះភាពចលាចលខ្លាំងដោយសារខ្យល់បរិយាកាស ជាហេតុការណ៍ដែលបានធ្វើឲ្យអ្នកដំណើរ ២៥នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ និងបង្ខំឲ្យយន្តហោះប្តូរទិសទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Minneapolis-St. Paul International Airport ក្នុងរដ្ឋ Minnesota វិញ។ នេះបើតាមការឲ្យដឹងពីក្រុមហ៊ុនរបស់ជើងហោះហើរនេះ។
យន្តហោះ Airbus A330-900 ដែលអាចផ្ទុកមនុស្សបានជាង ២៥០នាក់ បានចុះចតនៅម៉ោងប្រហែល ៧:៤៥យប់ថ្ងៃពុធ (ទី៣០ ខែកក្កដា)។ ក្រុមហ៊ុនអាកាសចរណ៍បានឲ្យដឹងថា អ្នកដំណើរទាំង ២៥នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការវាយតម្លៃ និងព្យាបាល។
អ្នកដំណើរម្នាក់បាននិយាយថា អ្នកដែលមិនបានពាក់ខ្សែក្រវាត់សុវត្ថិភាព ត្រូវបានបោកពេញកាប៊ីនយន្តហោះ។ Leann Clement-Nash បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ABC News ថា៖ «ពួកគេបានបុកពិដាន ហើយបន្ទាប់មកពួកគេបានធ្លាក់មកក្រោមវិញ។ រទេះក៏ប៉ើងទៅបុកពិដាន ហើយធ្លាក់មកក្រោមវិញ ហើយមនុស្សម្នារងរបួស ដោយវាបានកើតឡើងដដែលជាច្រើនដង ដូច្នេះវាពិតជាគួរឲ្យខ្លាចណាស់»។
ក្រុមហ៊ុន Delta បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងសូមអរគុណ ចំពោះការគាំទ្ររបស់អ្នកឆ្លើយតបបន្ទាន់ដែលពាក់ព័ន្ធទាំងអស់»៕