ប្រទេសព័រទុយហ្គាល់អាចនឹងចាត់វិធានការការទូតដ៏សំខាន់មួយ ក្នុងពេលឆាប់ៗនេះ ដោយទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ខណៈដែលរដ្ឋាភិបាល បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ (ទី៣១ ខែកក្កដា) នេះថា ខ្លួនកំពុងស្វែងរកយ៉ាងសកម្មនូវវិធានការនានា មុនកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (UN) លើកទី៨០ នៅខែកញ្ញា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់នាយករដ្ឋមន្ត្រី លោក Luis Montenegro មន្ត្រីបានឲ្យដឹងថា ទីក្រុង Lisbon នឹងពិគ្រោះយោបល់ជាមួយទាំងប្រធានាធិបតី និងសភា នៅប៉ុន្មានសប្តាហ៍ខាងមុខ មុនពេលធ្វើការសម្រេចចុងក្រោយ។
សេចក្តីថ្លែងការណ៍បានរៀបរាប់ថា៖ «ប្រទេសព័រទុយហ្គាល់កំពុងពិចារណាលើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជាផ្នែកមួយនៃនីតិវិធីដែលអាចត្រូវបានបញ្ចប់ ក្នុងអំឡុងពេលនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងញូវយ៉កក្នុងខែកញ្ញា»។
សេចក្តីប្រកាសនេះ បានធ្វើឲ្យប្រទេសព័រទុយហ្គាល់ស្ថិតក្នុងចំណោមបណ្ដាប្រទេសអឺរ៉ុបដែលកំពុងមានច្រើនឡើងៗ ក្នុងការថ្លឹងថ្លែងទទួលស្គាល់ប៉ាឡេស្ទីនជាសាធារណៈ ចំពេលមានការត្រួតពិនិត្យជាអន្តរជាតិលើស្ថានភាព នៅតំបន់ហ្កាហ្សា៕