អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា ទាហានខ្មែរចំនួន២០នាក់ ដែលទាហានថៃចាប់ទៅ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដាកន្លងទៅនោះ គឺមានសុវត្ថិភាព និងសុខភាពល្អធម្មតាទេ ហើយរាជរដ្ឋាភិបាលបានកំពុងធ្វើការងារនេះយ៉ាងស្រស្រាក់ស្រស្រាំ ដើម្បីធ្វើយ៉ាងណាឲ្យមានការដោះលែងពួកគាត់មកកម្ពុជាវិញឲ្យបានឆាប់ៗ នាពេលខាងមុខនេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា កម្ពុជាយើងបានធ្វើការទំនាក់ទំនង និងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតំពោះយោធិនកម្ពុជា ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ទាហានថៃនោះរហូតមកដល់ថ្ងៃនេះត្រូវបានភាគីថៃ អះអាងថា ពួកគាត់មានសុវត្ថិភាព និងសុខភាពល្អធម្មតាទេ ប៉ុន្តែកម្ពុជានៅតែបន្តអំពាវនាវយ៉ាងទទូចឲ្យភាគីថៃធ្វើការដោះលែងពួកគាត់ឲ្យមកកម្ពុជាវិញឆាប់ៗ ស្របតាមច្បាប់ មនុស្សធម៌អន្តរជាតិ។
ទាក់ទងនឹងវីរយោធិនខ្មែរចំនួន២០ ដែលស្ថិននៅក្រោមការគ្រប់គ្រងរបស់ទាហានថៃនេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានឲ្យដឹងផងដែរថា កម្ពុជាបានស្នើឲ្យម៉ាឡេស៊ីដែលជាប្រធានអា ស៊ានប្តូរវេននោះឲ្យជួយអន្តរាគមន៍ដើម្បីជំរុញឲ្យភាគីថៃឆាប់បញ្ជួនពួកគាត់ឲ្យមកកម្ពុជាវិញឲ្យបានឆាប់ៗនេះផងដែរ។
លោកជំទាវអ្នកនាំពាក្យក៏បានលើកឡើងទៀតថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នឹងមិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះក្នុងកាលៈទេសៈ ណានោះឡើយ ខណៈទាហាខ្មែរចំនួន២០នាក់ដែលទាហានថៃចាប់ទៅនេះបានកំពុងបន្តធ្វើការចរចារ យ៉ាងយកចិត្តទុកដាក់បំផុតដើម្បីសុខសុវត្ថិភាពរបស់ពួកគេ៕អត្ថបទបាន ចក់
