អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា រហូតមកដល់ថ្ងៃទី១ ខែសីហានេះ នៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃគឺមានសភាពស្ងប់ស្ងាត់ធម្មតា ខណៈសភាពការណ៍បែបនេះ បានបង្ហាញពីការគោរព និងអនុវត្តទៅតាមកិច្ចព្រមព្រៀងបទឈប់បាញ់របស់កម្ពុជា និងថៃ។ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា ខណៈសភាពការណ៍ស្ងប់ស្ថាត់ នៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃ គោរពបទឈប់បាញ់នេះមិនត្រឹមតែបំណងប្រាថ្នារបស់កម្ពុជា និង ថៃប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលក៏សុទ្ធតែចង់ឃើញនូវកិច្ចព្រមព្រៀងនេះផងដែរ។
តាមរយៈសន្និសីទសារព័ត៌មាននេះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងម៉ឺងមាត់បំផុតរបស់ខ្លួនក្នុងការអនុវត្តឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានព្រមព្រៀងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥កន្លងទៅ។ មួយវិញទៀតកម្ពុជាក៏បានជំរុញឲ្យមានការបង្កើតឲ្យបានឆាប់រហ័សនូវយន្តការតាមដាន ដែលសម្របសម្រួលដោយប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្តូរវេន និងមានការចូលរួមដ៏សកម្មពីសមាជិកប្រទេសអាស៊ានដទៃទៀតក៏ដូចជាដៃគូ ដែលចាប់អារម្មណ៍ចង់ចូលជួយដល់ប្រទេសយើងទាំងពីរ(កម្ពុជា-ថៃ) ដើម្បីតាមដានរាយការណ៍ និងធានាការអនុវត្តបទឈប់បាញ់ឲ្យបានជោគជ័យផងដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានលើកឡើងផងដែរថា កម្ពុជាក៏បានទទួលយក សំណើររបស់ភាគីថៃ ក្នុងការរៀបចំកិច្ចប្រជុំវិសាមញគណៈកម្មាធិការព្រំដែនទួទៅកម្ពុជា-ថៃ ដែលហៅកាត់ថាGBC នៅទីក្រុងកូឡាឡាំពូផងដែរ ហើយជាមួយគ្នានោះក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រំដល់ ប្រទេសម៉ាឡេស៊ី ដែលបានសម្របសម្រួល និងផ្តល់ទីតាំងសម្រាប់កិច្ចប្រជុំនេះផងដែរ។
ជាមួយគ្នានេះ កម្ពុជាក៏បានស្នើឲ្យម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនចូលរួមកិច្ចប្រជុំGBC ក្នុងនាមជាអ្នកសង្កេតការណ៍ដោយសារ ប្រទេសទាំងបីនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលឲ្យមានបទឈប់បាញ់ រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅផងដែរ។ យ៉ាងណាក៏ដោយអ្នកនាំពាក្យ របស់ក្រសួងការពារជាតិកម្ពុជា ក៏បានបង្ហាញសុទិដ្ឋិនិយមផងដែរថា កិច្ចប្រជុំGBCនេះ នឹងប្រព្រឹត្តទៅ ដោយស្ថាបនា និងប្រកបដោយផ្លែផ្កាផងដែរ៕អត្ថបទបាន ចក់