ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ថា លោកស្រីទទួលបានការផ្អាកលើការដំឡើងពន្ធថ្មីដែលនឹងចូលជាធរមាន ហើយមានពេល៩០ថ្ងៃដើម្បីធ្វើការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump។
កិច្ចព្រមព្រៀងនេះ បានបញ្ចៀសការដំឡើងពន្ធ៣០ភាគរយដែលបានកំណត់ចូលជាធរមាននៅថ្ងៃសុក្រនេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីការប្រកាស លោកស្រី Sheinbaum បាននិយាយថា ការផ្អាកនេះការពារកិច្ចព្រមព្រៀងរវាងអាមេរិក-ម៉ិកស៊ិក-កាណាដា ហើយមានន័យថាមុខទំនិញដែលអនុវត្តតាមកតិកាសញ្ញានឹងបន្តត្រូវបានលើកលែងពីការដំឡើងពន្ធ២៥ភាគរយ ដែលលោកTrump បានដាក់កាលពីដើមឆ្នាំនេះដោយសារតែវិបត្តិសារធាតុហ្វង់តានីល(fentanyl) ។

ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិកនិយាយថា ប្រហែល៨៥ភាគរយនៃការនាំចេញរបស់ម៉ិកស៊ិក អនុវត្តតាមច្បាប់នៃប្រភពដើមដែលបានបញ្ជាក់នៅក្នុងនៅក្នុងកិច្ចព្រមព្រៀងរវាងអាមេរិក-ម៉ិកស៊ិក-កាណាដា។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Marcelo Ebrard បាននិយាយរួមជាមួយលោកស្រី Sheinbaum ថា កិច្ចព្រមព្រៀងកាលពីថ្ងៃព្រហស្បតិ៍បាននាំប្រទេសកាន់តែខិតជិតក្នុងការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មរយៈពេលវែង។