បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃព្រហស្បតិ៍ (៣១ កក្កដា) ដែលកំណត់អត្រាពន្ធបដិការជាថ្មីចាប់ពី ១០% ទៅ ៤១% លើការនាំចូលរបស់សហរដ្ឋអាមេរិក ពីប្រទេស និងដែនដីរាប់សិបទូទាំងសកលលោក បណ្ដាវិនិយោគិននៅតែបង្ហាញប្រតិកម្មដោយប្រុងប្រយ័ត្នបំផុត។

អ្នកវិភាគទីផ្សារនៅទីក្រុងស៊ីដនី Tony Sycamore បានលើកឡើងថា៖ នៅចំណុចនេះ ប្រតិកម្មក្នុងទីផ្សារមានតិចតួចនៅឡើយ ហើយហេតុផលប្រហែលមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានារបស់អាមេរិក ដូចជាជាមួយសហភាពអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូងជាដើម ខណៈភាពមិនច្បាស់លាស់នៅតែមាន ដោយលោក Trump និយាយថា កិច្ចចរចាពាណិជ្ជកម្មជាមួយចិន កំពុងដើរទៅមុខយ៉ាងល្អ។ អ្នកវិភាគរូបនេះបន្តថា ទីផ្សារឥឡូវនេះប្រហែលជាយល់ឃើញថា កម្រិតពន្ធពាណិជ្ជកម្មទាំងនេះអាចត្រូវចរចាឡើងវិញបាន ហើយក៏អាចធ្លាក់ចុះទៀតដែរនៅពេលខាងមុខ។

នាយកសេដ្ឋវិទូ និងជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិឧបសម្ព័ន្ធនៅសហរដ្ឋអាមេរិក Brian Jacobsen បានបញ្ចេញមតិយោបល់យ៉ាងប្រុងប្រយ័ត្នថា៖ ដោយសារតែឥឡូវនេះពិភពលោកមានភាពច្បាស់លាស់បន្តិចលើអត្រាពន្ធគយ នោះមិនមែនមានន័យថាគ្រប់គ្នាមានភាពប្រាកដប្រជាអំពីផលប៉ះពាល់របស់របាំងពាណិជ្ជកម្មទាំងនេះទេ។
នាយកអ្នកយុទ្ធសាស្ត្រវិនិយោគនៅសិង្ហបុរីឈ្មោះ Charu Chanana បាននិយាយថា៖ ការប្រកាសអត្រាពន្ធនាំមកនូវភាពច្បាស់លាស់ក្នុងទម្រង់តួលេខ ប៉ុន្តែមិនមែនលើដំណើរការជាក់ស្ដែងទេ។ ឥឡូវនេះគ្រប់គ្នាមានបញ្ជីឈ្មោះ និងអត្រារៀងៗខ្លួន ប៉ុន្តែភាពជាក់ស្ដែងនៅពីក្រោយលេខទាំងនេះគឺនៅឆ្ងាយពីតម្លាភាពណាស់។
ក្រៅពីនេះ សេដ្ឋវិទូ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកវិភាគទីផ្សារជាច្រើនរូបទៀតក៏បានសម្ដែងក្ដីរំពឹងថា អត្រាពន្ធនឹងបន្តផ្លាស់ប្តូរនៅចន្លោះពេលនេះ ហើយប្រហែលជារហូតដល់ឆ្នាំក្រោយ ដោយលោក Trump អាចនឹងបន្តធ្វើការផ្លាស់ប្តូរមួយចំនួនទៀតចំពោះពន្ធ៕