បេសកជនរបស់លោកប្រធានាធិបតី Donald Trump បានជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍ ទី ៣១ ខែកក្កដា មុនដំណើរទស្សនកិច្ចដើម្បីពិនិត្យមើលការចែកចាយជំនួយនៅតំបន់ហ្កាហ្សា ខណៈវិបត្តិស្បៀងអាហារដ៏មហន្តរាយបានជំរុញឱ្យមានសម្ពាធជាអន្តរជាតិកាន់តែខ្លាំងឡើងសម្រាប់បទឈប់បាញ់។

ការិយាល័យមេដឹកនាំអ៊ីស្រាអែលបាននិយាយថា លោក Witkoff ដែលបានចូលរួមក្នុងការចរចារជាប់គាំងជាច្រើនខែសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់និងដោះលែងចំណាប់ខ្មាំង បានជួបជាមួយលោក Netanyahu ភ្លាមៗបន្ទាប់ពីលោកបានទៅដល់។ សេតវិមានបានប្រកាសថា នៅថ្ងៃសុក្រនេះ លោកនឹងទៅពិនិត្យមើលតំបន់ហ្កាហ្សា។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកសារព័ត៌មានថា លោក Witkoff ដែលបានទៅធ្វើទស្សនកិច្ចតំបន់ហ្កាហ្សាកាលពីខែមករា នឹងទៅពិនិត្យមើល«ទីតាំងចែកចាយស្បៀង និងមានផែនការដឹកជញ្ជូនស្បៀងបន្ថែមទៀត ហើយនិងជួបជាមួយពលរដ្ឋតំបន់ហ្កាហ្សា ដើម្បីស្តាប់ដោយផ្ទាល់អំពីស្ថានភាពដ៏អាក្រក់នៅលើដែនដីនេះ» ។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul ក៏បានជួបជាមួយលោក Netanyahu នៅទីក្រុងហ្ស៊េរុយសាឡឹម ហើយក្រោយមកបានប្រកាសថា «មហន្តរាយមនុស្សធម៌នៅតំបន់ហ្កាហ្សា គឺហួសពីការស្រម៉ៃ»។ លោកបាននិយាយថា «នៅទីនេះ រដ្ឋាភិបាលអ៊ីស្រាអែល ត្រូវតែមានចំណាត់ការឲ្យបានឆាប់រហ័ស មានសុវត្ថិភាពនិងដោយប្រសិទ្ធភាព ផ្តល់ជំនួយមនុស្សធម៌និងផ្នែកវេជ្ជសាស្ត្រ ដើម្បីការពារទុរ្ភិក្សរាលដាលមិនឲ្យក្លាយជាការពិត»។

