ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញការព្រមានដោយផ្ទាល់ទៅកាន់ក្រុមហ៊ុនឱសថធំៗទូទាំងសកលលោកកាលពីថ្ងៃព្រហស្បតិ៍ (៣១ កក្កដា) ដោយទាមទារឱ្យពួកគេកាត់បន្ថយតម្លៃឱសថ បើពុំនោះសោតនឹងត្រូវប្រឈមមុខនឹងវិធានការធ្ងន់ធ្ងរ។ លិខិតដែលបានបង្ហោះជាសាធារណៈនៅលើវេទិកាសង្គម Truth Social របស់លោក Trump បានទុកពេលឱ្យក្រុមហ៊ុនឱសថនានាចំនួន ៦០ថ្ងៃ ដើម្បីធ្វើការជាមួយរដ្ឋបាលអាមេរិក ក្នុងបំណងបញ្ចុះថ្លៃថ្នាំពេទ្យតាមវេជ្ជបញ្ជា។

លោក Trump បានសរសេរថា "ប្រសិនបើក្រុមហ៊ុនឱសថបដិសេធមិនព្រមចាត់វិធានការ នោះអាមេរិកនឹងដាក់ពង្រាយឧបករណ៍ទាំងអស់នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ដើម្បីការពារក្រុមគ្រួសារអាមេរិក មិនឱ្យបន្តរងការរំលោភលើតម្លៃឱសថ" ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់ឡើងថាការពិន័យអ្វីខ្លះដែលក្រុមហ៊ុនទាំងនោះអាចប្រឈមមុខ។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានសង្កត់ធ្ងន់ថា "លោកប្រធានាធិបតី Trump ជឿជាក់ថា ប្រជាជនអាមេរិក សមនឹងមានលទ្ធភាពទទួលបានឱសថសង្គ្រោះជីវិត ហើយលិខិតទាំងនេះបានបញ្ជាក់យ៉ាងច្បាស់នូវជម្រើសពីរថា បន្ទាបតម្លៃ ឬក៏ប្រឈមនឹងផលវិបាក"។
ការព្រមានច្បាស់ៗនេះបានធ្វើឡើងបន្ទាប់ពីក្រឹត្យមួយដែលលោក Trump បានចុះហត្ថលេខាកាលពីខែឧសភា ដើម្បីដោះស្រាយបញ្ហាតម្លៃឱសថខ្ពស់នៅក្នុងសហរដ្ឋអាមេរិក ដែលខ្ពស់ខ្លាំងជាងតម្លៃក្នុងប្រទេសអភិវឌ្ឍស្រដៀងគ្នាដល់ទៅ ៣ដង នេះបើយោងតាមសេតវិមាន។ ក្នុងលិខិតនោះ លោក Trump បានរិះគន់ក្រុមហ៊ុនឱសថចំពោះការបង្វែរការស្តីបន្ទោស និងអនុវត្តគោលនយោបាយដែលផ្តល់ផលប្រយោជន៍ដល់ឧស្សាហកម្មខ្លួន ជាជាងអ្នកប្រើប្រាស់៕

