សហរដ្ឋអាមេរិកបាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបញ្ជាក់ច្បាស់ថា លោកចង់បានកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែននៅត្រឹមថ្ងៃ ទី៨ ខែសីហា។

អ្នកការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក លោក John Kelley បាននិយាយទៅកាន់ក្រុមប្រឹក្សាដែលមានសមាជិក១៥រូបថា «ទាំងរុស្ស៊ី និងអ៊ុយក្រែន ត្រូវតែចរចាបទឈប់បាញ់និងសន្តិភាពយូរអង្វែង។ វាដល់ពេលហើយដែលត្រូវចុះកិច្ចព្រមព្រៀង។ សហរដ្ឋអាមេរិក បានត្រៀមអនុវត្តវិធានការបន្ថែមទៀតដើម្បីទទួលបានសន្កិភាព។
លោក Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមដាក់ការដំឡើងពន្ធនិងវិធានការផ្សេងៗទៀតលើប្រទេសរុស្ស៊ី «១០ ថ្ងៃចាប់ពីថ្ងៃនេះ» ប្រសិនបើទីក្រុងមូស្គូ មិនបង្ហាញពីវឌ្ឍនភាពឈានទៅរកការបញ្ចប់សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន។

ទីក្រុងគីវ និងទីក្រុងមូស្គូ បានធ្វើការចរចាចំនួនបីជុំរួចមកហើយក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ក្នុងឆ្នាំនេះ ដែលទទួលបានលទ្ធផលតែការដោះដូរឈ្លើយសឹកនិងសាកសព ប៉ុន្តែគ្មានការទម្លាយភាពទាល់ច្រកណាមួយដើម្បីដោះស្រាយជម្លោះរយៈពេលជាងបីឆ្នាំមកនេះ នោះទេ។
លោក Dmitry Polyanskiy ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បាននិយាយទៅកាន់ក្រុមប្រឹក្សាថា «យើងមានបំណងបន្តការចរចានៅទីក្រុងអ៊ីស្តង់ប៊ុល។