ការស្ទង់មតិអាជីវកម្មបានបង្ហាញក្នុងថ្ងៃសុក្រ (០១ សីហា) នេះថា សកម្មភាពរោងចក្ររបស់កូរ៉េខាងត្បូង បានបន្តដាំក្បាលចុះរយៈពេល ៦ខែជាប់ៗគ្នាក្នុងខែកក្កដាកន្លងទៅ ដោយសារភាពមិនច្បាស់លាស់លើពន្ធរបស់សហរដ្ឋអាមេរិក បានដាក់បន្ទុកលើទិន្នផល និងការបញ្ជាទិញ។

សន្ទស្សន៍ការបញ្ជាទិញ PMI សម្រាប់បណ្ដាក្រុមហ៊ុនផលិតនៅក្នុងសេដ្ឋកិច្ចធំបំផុតទី៤ របស់អាស៊ីមួយនេះ ដែលចេញផ្សាយដោយស្ថាប័ន S&P Global បានធ្លាក់ចុះដល់ ៤៨,០ នៅក្នុងខែកក្កដា ពីតួលេខ ៤៨,៧ នៅក្នុងខែមិថុនា។ សូមជម្រាបជូនថា សន្ទស្សន៍ PMI ដែលស្ថិតនៅក្រោមសញ្ញា ៥០ គឺបង្ហាញពីការធ្លាក់ចុះខ្លាំង។ កូរ៉េខាងត្បូង មើលឃើញទិន្នន័យបែបនេះចាប់តាំងពីខែកុម្ភៈមក។
លោក Usamah Bhatti សេដ្ឋវិទូនៅក្រុមហ៊ុនតាមដានទីផ្សារសកល S&P Global និយាយថា "ទិន្នន័យ PMI ខែកក្កដា ផ្តល់សញ្ញាថា វិស័យផលិតកម្មរបស់កូរ៉េខាងត្បូង មិនបានជួបប្រទះនឹងភាពរស់រវើកកាន់តែខ្លាំងក្នុងលក្ខខណ្ឌប្រតិបត្តិការ"។ សេដ្ឋវិទូរូបនេះបន្តថា៖ ទាំងបរិមាណផលិតកម្ម និងការបញ្ជាទិញថ្មី បានធ្លាក់ចុះក្នុងអត្រាដ៏ចោតជាងកាលពីខែមិថុនា ដោយភស្តុតាងបន្តបន្ទាប់បង្ហាញថា ភាពទន់ខ្សោយក្នុងសេដ្ឋកិច្ចក្នុងស្រុក ត្រូវរួមផ្សំដោយផលប៉ះពាល់នៃគោលនយោបាយពន្ធរបស់អាមេរិក។
សូមបញ្ជាក់ថា ការស្ទង់មតិនេះត្រូវបានធ្វើឡើងពីថ្ងៃទី១០ ខែកក្កដា ដល់ថ្ងៃទី២៣ ខែកក្កដា មុនពេលដែលកូរ៉េខាងត្បូង កាលពីថ្ងៃពុធ ៣០ កក្កដា សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដោយបានបន្ទាបពន្ធដល់ ១៥% ពីការគំរាមកំហែង ២៥% ពីមុន៕

