ប្រធានអាជ្ញាធរព្រែកជីកស៊ុយអេរបស់ប្រទេសអេហ្ស៊ីប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ផ្លូវទឹកជាយុទ្ធសាស្ត្រមួយនេះនៅតែជាផ្លូវទឹកសំខាន់បំផុតនិងមិនអាចជំនួសបាន សម្រាប់ពាណិជ្ជកម្មសកល ទោះបីជាមានការរំខានជាបន្តបន្ទាប់ដល់ការដឹកជញ្ជូនសកលបណ្តាលមកពីការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហមនិងនៅច្រកសមុទ្រ Bab al-Mandab ក៏ដោយ។

និយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងIsmailia ប្រទេសអេហ្ស៊ីប ក្នុងអំឡុងពេលប្រារព្ធខួបនៃការធ្វើជាតូបនីយកម្មព្រែកជីកស៊ុយអេ ប្រធានអាជ្ញាធរលោក Osama Rabie បាននិយាយថា អាជ្ញាធរបានចូលរួមជាមួយក្រុមហ៊ុនដឹកជញ្ជូនពិភពលោកនិងអង្គការដែនសមុទ្រ ដើម្បីវាយតម្លៃពីលទ្ធផលចេញពីការវាយប្រហារ។
លោក Rabie និយាយថា «វាគ្មានជម្រើសសម្រាប់ព្រែកជីកស៊ុយអេទេ ខណៈCape of Good Hope គឺជាផ្លូវទឹកជំនួស ប៉ុន្តែពុំមាននិរន្តរភាពឡើយ។
ក្រុមហ៊ូទី នៅប្រទេសយេម៉ែន បានវាយប្រហារលើនាវាជាង១០០គ្រឿងនៅចន្លោះខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែធ្នូ ឆ្នាំ២០២៤ ជាអ្វីដែលពួកគេបាននិយាយថាជាការបង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីនក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សា។
