ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសម៉ាឡេស៊ី បាននិយាយនៅថ្ងៃសុក្រ (០១ សីហា) នេះថា អត្រាពន្ធបដិការដែលបានកែសម្រួលឡើងវិញពីសំណាក់សហរដ្ឋអាមេរិក លើប្រទេសម៉ាឡេស៊ីក្នុងតួលេខ ១៩% ជាលទ្ធផលដ៏ល្អ ហើយត្រូវសម្រេចដោយមិនប៉ះពាល់ដល់សិទ្ធិអធិបតេយ្យភាពរបស់ប្រទេសឡើយ បន្ទាប់ពីខ្លួនប្រកាន់ជំហរយ៉ាងរឹងមាំលើបញ្ហា "បន្ទាត់ក្រហម" ផ្សេងៗ។

ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លទ្ធផលវិជ្ជមាននៃកិច្ចពិភាក្សាពន្ធគយរបស់សហរដ្ឋអាមេរិកនេះ កើតឡើងបន្ទាប់ពីមានការចូលរួមប្រកបដោយនិរន្តរភាពរវាងរដ្ឋាភិបាលទាំងពីរ និងជាសមិទ្ធិផលដ៏សំខាន់នៃដំណើរការចរចាប្រកបដោយភាពហ្មត់ចត់ និងជាវិធីសាស្ត្រ របស់ម៉ាឡេស៊ី។ ក្រសួងបន្តថា "ម៉ាឡេស៊ី នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកមធ្យោបាយកាត់បន្ថយផលប៉ះពាល់នៃពន្ធថ្មីនេះលើការនាំចេញរបស់ប្រទេស"។
គួរឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បន្ទាបពន្ធបដិការមកត្រឹម ១៩% លើការនាំចេញពីម៉ាឡេស៊ី ទៅកាន់សហរដ្ឋអាមេរិក ដែលជាអត្រាទាបជាង ២៥% ពីមុនដែលបានគំរាមកំហែងកាលពីខែកក្កដា។ អត្រាដ៏ល្អថ្មីនេះតបទៅនឹងការចង់បានរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ដែលស្វះស្វែងរកអត្រាពន្ធក្រោម ២០% ស្រដៀងគ្នាទៅនឹងប្រទេសជិតខាងរបស់ខ្លួនគឺវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន៕

